ជំទាវអ្នកឧកញ៉ា អាង ដាណែត អគ្គនាយិកាក្រុមហ៊ុន WH និងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានបើកលក់ជាផ្លូវការនៃគម្រោងអគារខុនដូ «J-TOWER 3» ខ្ពស់ជាងគេនៅកម្ពុជា រហូតដល់ ៧៧ជាន់ ដែលវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន តានីជូ គ្រុប របស់ជប៉ុន។ នេះបើតាមសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។

លោកជំទាវអ្នកឧកញ៉ា អាង ដាណែត សមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយិកាក្រុមហ៊ុន WH បានបញ្ជាក់ថា គម្រោងអគារ J-TOWER 3 នឹងក្លាយជាផ្នែកមួយលើកតម្កើងមុខមាត់របស់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ គម្រោងនេះនឹងផ្តល់នូវបរិបទរស់នៅថ្មីមួយទៀតដែលទំនើបទាន់សម័យ និងផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃជាមួយនឹងបរិក្ខារដ៏សំបូរបែបហើយគម្រោងនេះក៏នឹងក្លាយជាឱកាសមួយសម្រាប់ការវិនិយោគដែលនឹងផ្តល់ផលចំណេញជាទីគាប់ចិត្ត មិនថាវិនិយោគសម្រាប់ផលចំណេញ ឬផលចំណូលពីការជួលឡើយ។
សូមជម្រាបថា អគារ J-TOWER 3 មានកម្ពស់រហូតដល់៧៧ជាន់ (៣២០ម៉ែត្រ) ស្ថិតជាប់តំបន់បឹងកេងកង១ ខណ្ឌបឹងកេងកង និងត្រូវបានសាងសង់ឡើងផ្តោតទៅលើភ្ញៀវដែលស្នាក់នៅជាសំខាន់ ពោលគឺនឹងផ្តល់នូវសុវត្ថិភាព២៤ម៉ោងទៅអ្នករស់នៅក្នុងអគារ និងធ្វើឱ្យភ្ញៀវមានផាសុកភាពជាមួយនឹងស្កាយបារ និងអាងហែលទឹកដែលខ្ពស់ជាងគេសម្រាប់ភ្ញៀវកម្សាន្ត៕




