សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល។

តាមរយៈសារលិខិតមរណទុក្ខនេះ សមាគមឧកញ៉ាកម្ពុជា បានលើកឡើងថា «យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា មានសេចក្តីរន្ធត់ តក់ស្លុតនិងសោកស្តាយយ៉ាងខ្លាំងដែលបានទទួលដំណឹងថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, សមាជិករដ្ឋសភា, ប្រធានគណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥ នាទីព្រឹកក្នុងជន្មាយុ ៩៤ឆ្នាំដោយជរាពាធ»។
ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៏ ក្រៀមក្រំបំផុតជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់ ឧត្តមស្វាមីជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពោរពេញដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាឪពុក ជាជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ព្រមទាំងជាឥស្សរជនដ៏ឆ្នើមដោយពេញមួយជីវិតរបស់ សម្តេច បានលះបង់បូជាកម្លាំង កាយកម្លាំងចិត្តគ្រប់សព្វបែបយ៉ាងជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារឯករាជ្យជាតិ សុខសន្តិភាព រាជបល្ល័ង្ក និង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ក៏ដូចជាបុព្វហេតុមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាប្រកបដោយមនសិការ និង ឆន្ទៈមោះមុតក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និងលើកតម្កើងកិត្យានុភាពជាតិ។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រីង្គារ គង់ សំអុល សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ព្រមទាំងក្រុមគ្រួសារទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងក្តីគោរពស្រឡាញ់អំពីយើងខ្ញុំទាំងអស់គ្នា៕
