នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយអ្នកឧកញ៉ា លី សាំងឡេង សមាជិកក្រុមប្រឹក្សាភិបាល និងឧកញ៉ា អាន ឌីណា សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ព្រមទាំងលោក យឿម ប៉ូរ៉ាន អគ្គលេខាធិការរង បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងតំណាងក្រុមហ៊ុន PCA Global Associates ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា។

បើតាមសមាគមឧកញ៉ាកម្ពុជា គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការធុរកិច្ច និងស្វែងរកដៃគូពាណិជ្ជកម្មនៅប្រទេសកម្ពុជារបស់ក្រុមហ៊ុន PCA Global Associates ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅប្រទេសឥណ្ឌា និងកំពុងបំពេញអាជីវកម្មលើដំណោះស្រាយក្នុងវិស័យអប់រំ, ហិរញ្ញវត្ថុ, សុខាភិបាល, ការរៀបចំទីក្រុងវៃឆ្លាត, ការគ្រប់គ្រងទូទៅ និងការអភិវឌ្ឍគេហទំព័រ និងបណ្តាញសង្គមនានាជាដើម។
តាមរយៈនៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពក្នុងការសហប្រតិបត្តិការគ្នាបន្ថែមទៀត និងបន្តជំរុញភាពជាដៃគូធុរកិច្ចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានដ៏ធំនេះ ជាមួយនឹងសមាជិកសមាគមឧកញ៉ាកម្ពុជា ដែលកំពុងធ្វើអាជីវកម្មក្នុងវិស័យខាងលើនេះដោយសមាគមឧកញ៉ាកម្ពុជា នឹងធ្វើបច្ចុប្បន្នកម្មជូនសមាជិកទាំងអស់ឱ្យបានជ្រាបនៅពេលក្រោយជាបន្តបន្ទាប់៕




