សមាគមឧកញ៉ាកម្ពុជា សម្តែងនូវការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តដោយអយុត្តិធម៌របស់រតនាគារសហរដ្ឋអាម៉េរិក បានសម្រេចដាក់ទណ្ឌកម្មលើ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងក្រុមហ៊ុន L.Y.P Group ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត ដោយចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ពីបទជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Cyber Crime) កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងសេចក្ដីប្រកាសព័ត៌មាននេះបានបញ្ជាក់បន្ថែមថា អស់ជាច្រើនទស្សវត្សរ៍មកហើយដែល លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន L.Y.P Group បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺនកន្លែង និងការចូលរួមសកម្មភាពសប្បុរសធម៌យ៉ាងច្រើន ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅកម្ពុជា និងតំបន់។
សមាគមឧកញ៉ាកម្ពុជា ជឿជាក់ថា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ មិនអាចធ្វើសកម្មភាពជួញដូរមនុស្សដូចការចោទប្រកាន់នោះទេ ។ ដូច្នេះ សមាគមឧកញ៉ាកម្ពុជា ទទូចឱ្យរតនាគារសហរដ្ឋអាម៉េរិក ពិចារណាឡើងវិញលើករណីដ៏អយុត្តិធម៌ និងលុបចោលការដាក់ទណ្ឌកម្មនេះ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម គោរមវន្ត សាធារណជន និង អ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មានតាមការគួរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា តាមរយៈលេខទូរសព្ទ ០១២ ៨១០ ៨១១ នៅរៀងរាល់ម៉ោងធ្វើការ៕