នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ឯកឧត្តម បួន សារៈមុន្នី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ ខាវណ្ណ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងដោយ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ ជាមួយនឹងក្រុមហ៊ុន Otis McAllister Inc. តំណាងដោយ លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ។

បើតាមសមាគមឧកញ៉ាកម្ពុជា អនុស្សរណៈដែលបានចុះហត្ថលេខានាឱកាសនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការនាពេលអនាគត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្ម និងលើកកម្ពស់បន្ថែមទៀតនូវបរិមាណអង្ករកម្ពុជា នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
ក្នុងនោះដែរ សហព័ន្ធស្រូវអង្ករកម្ពុជានឹងផ្តល់ជូននូវប្រភេទអង្ករដែលមានគុណភាពខ្ពស់រួមមាន៖ អង្ករផ្កាម្លិះកម្ពុជា អង្ករសែនក្រអូបប្រភេទ SKO និង SRO ក៏ដូចជាអង្ករខ្សាយមួយចំនួនទៀតជាមួយនឹងតម្លៃប្រកួតប្រជែង និងធានាការដឹកជញ្ជូនទាន់ពេលវេលា។
បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ វត្តមានអង្ករក្រោមស្លាកសញ្ញា “ផលិតនៅប្រទេសកម្ពុជា” រំពឹងថានឹងមានចំនួនកាន់តែច្រើនឡើងនៅក្នុងសហរដ្ឋអាមេរិក ជាពិសេស ក្នុងចង្កោមអាជីវកម្មផ្សារទំនើបខ្នាតយក្សដូចជា Costco និង WalMart ជាដើម៕




