បេសកកម្មចំនួន៦ សមាគមឧកញ៉ាកម្ពុជា ប្ដេជ្ញាបង្កើនកិច្ចខិតខំចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្ដចំនួន៦ចំណុច​ក្នុងការ​ចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកអ្នកឧកញ៉ា ថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារ​សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤​ នៅអគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ។

លើកឡើងនៅក្នុងឱកាសនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានឱ្យដឹងថា បេសកកម្មចំនួន៦ សមាគម​ឧកញ៉ាកម្ពុជា ប្ដេជ្ញាបង្កើនកិច្ចខិតខំចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានដូចជា៖ ១, បន្តពង្រឹងកិត្យានុភាពរបស់​សមាគមឧកញ៉ាការពារនូវផលប្រយោជន៍ស្របច្បាប់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមងារ​ដ៏ឧត្តុង្គឧត្តម​នេះ។ ២, បន្តសហការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល លើកិច្ចការតំណាងឱ្យគោរមវន្ត ទាំងអស់នៅ​ទូទាំងកម្ពុជា ព្រមទាំងពិនិត្យនិងវាយតម្លៃលើ សំណើនិងបញ្ចប់គោរមងារឧកញ៉ា ការគ្រប់គ្រងឯកសណ្ឋាន​ឧកញ៉ា ជាពិសេស ការរៀបចំបច្ចុប្បន្នកម្មបញ្ជីឈ្មោះគោរមវន្តទាំងអស់នៅកម្ពុជា។ ៣, ចូលរួមជំរុញផ្សព្វផ្សាយ​អំពីសក្តានុពល និងកាលានុវត្តភាព វិនិយោគនៅកម្ពុជា តាមរយៈការរៀបចំវេទិកាផ្គូផ្គងធុរកិច្ច សិក្ខាសាលា វិនិយោគ និងកម្មវិធីផ្សេងៗ ទាំងក្នុង និងក្រៅប្រទេសព្រមទាំង ចូលរួមចំណែកធ្វើឱ្យប្រសើរឡើង នូវ បរិយាកាស ធុរកិច្ចវិនិយោគ និង ពាណិជ្ជកម្មនៅកម្ពុជា។

បន្ថែមពីនោះ សមាគមឧកគញ៉ាកម្ពុជានឹង ចូលរួមជំរុញកិច្ចសហប្រតិបត្តិការរវាងវិនិយោគិនកម្ពុជា និងបរទេស​ ដើម្បីសម្រួលដល់ការវិនិយោគ ពង្រឹងនិងពង្រីកទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងវិនិយោគិន ធុរជន និង​សហគ្រិន។ ៥, លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា និង ៦, ចូលរួមធ្វើសកម្មភាព ដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេស រួមទាំងសកម្មភាពមនុស្សធម៌នានា។

សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា (សរសេរជាអក្សរកាត់ ស.ឧ.ក) ត្រូវបានបង្កើតឡើង និងទទួលស្គាល់​ជាផ្លូវការដោយក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៩៧៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ស្តីពីការសុំចុះឈ្មោះសមាគមឧកញ៉ាកម្ពុជា ក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។ សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់តំណាងឱ្យគោរមវន្ត ទាំងអស់នៅកម្ពុជា និងជាស្ថាប័ន អព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃ ព្រមទាំងធ្វើសកម្មភាពដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ៕