អ្នកឧកញ៉ា ហ៊ុន ឡាក់ សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសមាគមឧកញ៉ាកម្ពុជា ជាមួយស្ថាប័ន Excellence Industrielle Saint-Laurent (FISL) របស់ខេត្តកេបិច តំណាងដោយលោក Allan DeSousa ជាអភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់ កាលពីព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងអំឡុងចូលរួមកិច្ចប្រជុំតុមូលជាមួយ តំណាងរដ្ឋបាលខេត្តកេបិច, លោក Allan DeSousa អភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់ និងធុរជនជាច្រើនរូប ក្រោមកិច្ចសហការរៀបចំពីសភាពាណិជ្ជកម្មកម្ពុជាប្រចាំក្រុងម៉ុងត្រេអាល់ និងអង្គភាព Investissement Québec International របស់កាណាដា។
អនុស្សារណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលដល់កិច្ចសហប្រតិបត្តិការនានា ក្នុងគោលដៅពង្រឹងការវិនិយោគទ្វេភាគី សម្របសម្រួលការផ្លាស់ប្តូរសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នារវាងតំបន់ Saint-Laurent នៃក្រុងម៉ុងត្រេអាល់ ខេត្តកេបិច ប្រទេសកាណាដា និងប្រទេសកម្ពុជាជារួម។
គួរបញ្ជាក់ថា ក្នុងជំនួបនេះដែរ ក៏បានផ្ដល់លទ្ធភាពឱ្យវិនិយោគិនថ្មីៗជាច្រើន មកពីវិស័យជាអាទិភាពចំនួន៥ រួមមាន កសិកម្មនិងកសិឧស្សាហកម្ម, ឱសថ, ថាមពលកកើតឡើងវិញ, ទេសចរណ៍, និងបច្ចេកវិទ្យា ព្រមទាំងថ្នាក់ដឹកនាំនៃខេត្តកេបិច បានជ្រាបកាន់តែច្បាស់បន្ថែមទៀត អំពីសក្ដានុពលវិនិយោគនៅកម្ពុជា តាមរយៈការធ្វើបទបង្ហាញពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ ព្រមទាំងការលើកទឹកចិត្តនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមបទបង្ហាញរបស់ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ពិសេសជាងនេះ អ្នកចូលរួមក៏បានស្ដាប់អំពីបទពិសោធន៍ជោគជ័យនៃកិច្ចវិនិយោគនៅកម្ពុជា ដែលចែករំលែកដោយក្រុមហ៊ុនកាណាដា កំពុងបណ្ដាក់ទុនវិនិយោគរាប់ពាន់លានដុល្លារអាម៉េរិកនៅកម្ពុជាផងដែរ៕








