លោកជំទាវអ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាសមាគមឧកញ៉ាកម្ពុជា តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងពិធីបើក «ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» ក្រោមកិច្ចសហការរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ដោយមានការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាអភិបាលផ្នែកបច្ចេកទេសរបស់សមាគមឧកញ៉ាកម្ពុជា លើកិច្ចការធុរកិច្ច និងការវិនិយោគ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីខាងលើ លោកជំទាវអ្នកឧកញ៉ា គួន ធីតា មានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺជាកិច្ចសហការលើកដំបូង រវាងសមាគមទាំងពីរ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងល្អ រវាងសមាគមទាំងពីរ ក៏ដូចជាផ្តល់ឱកាសដល់ធុរជនកម្ពុជា-ជប៉ុន អាចកសាងទំនាក់ទំនង និងបន្តសិក្សាស្វែងយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមវិស័យដែលមានសក្តានុពលរៀងៗខ្លួនដូចជា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ជាដើម ដែលស្របទៅតាមបរិបទ និងទំនោរសេដ្ឋកិច្ចសកល ក៏ដូចជានៅកម្ពុជានាពេលបច្ចុប្បន្ន។
លោកជំទាវអ្នកឧកញ៉ាបន្តថា សមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា បាននិងកំពុងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងការជំរុញ សកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ឱ្យឈានឡើងមួយកម្រិតថែមទៀត តាមរយៈការរៀបចំព្រឹត្តិការណ៍ធុរកិច្ចនានា តួយ៉ាង ជំនួបជូផ្គងធុរកិច្ចនាថ្ងៃនេះជាដើម ដើម្បីផ្តល់ផលប្រយោជន៍ រួមដល់សហគមន៍ធុរកិច្ច នៃប្រទេសយើងទាំងពីរ។
នាឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ក៏បានលើកទឹកចិត្តដល់ធុរជនកម្ពុជា-ជប៉ុនទាំងអស់គ្នា សូមចូលរួមឱ្យបានសកម្ម ដើម្បីស្វែងរកដៃគូ ដែល មាន សក្តានុពល ទៅតាមវិស័យរបស់ខ្លួន និងសូមជូនពរលោកអ្នកទទួលបាន លទ្ធផលផ្លែផ្កាជាវិជ្ជមានក្នុង ជំនួបផ្គូផ្គងធុរកិច្ចនៅពេលនេះ។
ជាមួយគ្នានោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកោតសរសើរចំពោះសមាគម ជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួន ចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងការជំរុញ និងការកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា ព្រមទាំងផ្តួចផ្តើមរៀបចំ ជំនួបផ្គូផ្គងធុរកិច្ច ដ៏មានសារៈសំខាន់នេះឡើង។
ឯកឧត្តម បន្តថា កម្មវិធីនេះ គឺជាវេទិកាដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់ការតភ្ជាប់សហគមន៍ធុរកិច្ចកម្ពុជា និងជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាសម្រាប់ការស្វែងរកនូវកាលានុវត្តភាពនៃការបណ្តាក់ទុនរួមគ្នា និងការសហការបន្ថែមទៀត។ ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានអំពាវនាវដល់វិនិយោគិន ជប៉ុនទាំងអស់ដែលមិនទាន់បានមកបណ្តាក់ទុននៅកម្ពុជា ឱ្យអញ្ជើញមកកម្ពុជាដោយផ្ទាល់ដើម្បីសិក្សា និងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពដ៏សម្បូរបែបរបស់កម្ពុជា ដូចពាក្យស្លោកបុរាណខ្មែរពោលថា “ឮមួយរយដង មិនស្មើនឹងបានឃើញផ្ទាល់ភ្នែកម្តង”។ កម្ពុជាបើកទ្វាររង់ចាំទទួលស្វាគមន៍ និងផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាង ព្រមទាំង បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនវិនិយោគិន និងធុរជន។
សូមជម្រាបថា «ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» គឺជាកិច្ចសហការគ្នាលើកដំបូងរវាងសមាគមឧកញ៉ាាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងល្អរវាងសមាជិក នៃសមាគមទាំងពីរ និងផ្តល់ឱកាសដល់ធុរជនកម្ពុជា-ជប៉ុន អាចកសាងទំនាក់ទំនង ក៏ដូចជាការបន្តសិក្សាស្វែងយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមវិស័យដែលមានសក្តានុពល។ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះធ្វើឡើងនាថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤៕









