លោកអ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ទទួលជួបសំណេះសំណាលជាមួយប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា ដឹកនាំដោយលោក គីមឆា ហួត អគ្គកុងស៊ុលកិត្តិយស និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

នាឱកាសនេះ លោកអ្នកឧកញ៉ា លី ហួរ បានមានប្រសាសន៍ស្វាគមន៍ ចំពោះគណៈប្រតិភូទាំងអស់ដែលមានវត្តមានក្នុងជំនួបធុរកិច្ចជាលើកដំបូងរវាងស្ថាប័នទាំងពីរដែលជាការសំណេះសំណាល និងជាកិច្ចចាប់ផ្តើមក្នុងការកសាងនូវទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក ខណៈដែលសមាគមឧកញ៉ាកម្ពុជាមានសមាជិកសុទ្ធសឹងតែជាពាណិជ្ជករ ជាវិនិយោគិនដែលកំពុងកាន់កាប់អាជីវកម្មលើពហុវិស័យនៅក្នុងប្រទេសកម្ពុជា និងមានសក្តានុពលនៅក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស សហរដ្ឋអាម៉េរិកតែម្តង។
ជាមួយគ្នានោះ លោក គីមឆា ហួត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ នៃសមាគមឧកញ៉ាកម្ពុជា ដែលបានអនុញ្ញាតឱ្យរូបលោក និងប្រតិភូជាធុរជនមកពីសហរដ្ឋអាម៉េរិកបានចូលជួបសម្តែងការគួរសម និងពិភាក្សាធុរកិច្ច ដោយលោកមានសុទិដ្ឋិនិយមថា នេះជាជំហានដ៏វិជ្ជមានក្នុងការពង្រីកទីផ្សារផលិតផលកម្ពុជាទៅកាន់សហរដ្ឋអាម៉េរិកដែលមានប្រជាជនខ្មែរកំពុងរស់នៅប្រមាណជាង ៦សែននាក់ ក្នុងនោះរដ្ឋកាលីហ្វ័រញ៉ាមានចំនួនច្រើនជាងគេពោលគឺជាង ៣សែននាក់។
លោកបានបន្ថែមថា នាពេលបច្ចុប្បន្ន ផលិតផលកម្ពុជាកំពុងទទួលបានគាំទ្រខ្លាំងឡើងៗជាពិសេសកសិផល រួមមាន គ្រាប់ស្វាយចន្ទី អង្ករ និងដំណាប់ស្វាយ ជាដើម ព្រមទាំង ស្រាបៀរផងដែរ។ ហេតុនេះ ការជំរុញផលិតផលកម្ពុជាឆ្ពោះទៅកាន់ទីផ្សារអាម៉េរិក គឺជាគោលដៅមួយដែលលោក និងសហការីកំពុងយកចិត្តទុកដាក់ដោយផ្តោតលើការផ្សព្វផ្សាយផលិតផលដែលមានគុណភាពខ្ពស់ពីប្រទេសកម្ពុជា រួមទាំងការពង្រីកទីផ្សារចូលទៅកាន់បណ្តាផ្សារទំនើបនានានៅក្នុងសហរដ្ឋអាម៉េរិក ដើម្បីរួមចំណែកបង្កើតការងារក្នុងស្រុក និងជាការផ្សព្វផ្សាយនូវផលិតផលកម្ពុជាលើឆាកអន្តរជាតិផងដែរ។
ទន្ទឹមនឹងនោះ លោកអគ្គកុងស៊ុលកិត្តិយស បានរំលឹកថា ក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មកម្ពុជានៅលើទឹកដីសហរដ្ឋអាម៉េរិកកាលពីឆ្នាំ២០២៣កន្លងទៅ មានការចូលរួមពីក្រុមហ៊ុន និងធុរជនពីកម្ពុជាប្រមាណជាជាង ៣០០នាក់ ដោយភាគច្រើនជាផលិតផលម្ហូបអាហារ ហើយសម្រាប់ឆ្នាំ២០២៥ខាងមុខ លោកមានគម្រោងបង្កើនដល់ ៥០០នាក់ ជាមួយនឹងផលិតផលចម្រុះជាច្រើនប្រភេទសម្រាប់ដាក់តាំងបង្ហាញដល់អតិថិជន។
ជាងនេះទៅទៀត លោកបានបញ្ជាក់ថា លោកនឹងដឹកនាំសហការីជាច្រើនរូបទៀតចូលជួបពិភាក្សាការងារជាមួយសមាគមឧកញ៉ាកម្ពុជានាអំឡុងបេសកកម្មនាដើមឆ្នាំ២០២៥ ដើម្បីស្វែងរកកាលានុវត្តភាពក្នុងការបង្កើតកិច្ចសហការធុរកិច្ចរវាងធុរជនអាម៉េរិកដែលមានបំណងវិនិយោគនៅកម្ពុជា ជាមួយនឹងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ដោយក្នុងនោះរួមមាន គម្រោងបង្កើតរោងចក្រផលិតដែកដើម្បីនាំចេញគួបផ្សំនឹងផលិតផលមួយចំនួនផ្សេងទៀត។
ក្នុងឱកាសនេះដែរ ប្រតិភូនៃស្ថាប័នទាំងពីរបានធ្វើបទបង្ហាញអំពីសមាសភាព និងអាជីវកម្មរបស់ខ្លួនទៅវិញទៅមកដើម្បីងាយស្រួលក្នុងការផ្គូផ្គងពាណិជ្ជកម្មនិងការចាប់ដៃគូជាមួយគ្នា ក្នុងនោះរួមមាន វិស័យបច្ចេកវិទ្យា កសិ-ឧស្សាហកម្ម ទេសចរណ៍ ដឹកជញ្ជូន សុខាភិបាល ច្បាប់និងពន្ធដារ និងវិស័យអប់រំជាដើម។
ជាកិច្ចបញ្ចប់ លោកអ្នកឧកញ៉ា លី ហួរ បានមានប្រសាស៍ថា តាមរយៈសមាសភាពចូលរួមនៅថ្ងៃនេះ សង្កេតឃើញថា សុទ្ធសឹងតែជាធុរជនដែលមានទស្សនវិស័យ និងសក្តានុពលក្នុងការជំរុញការពង្រីកទីផ្សារផលិតផលកម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក និងទីផ្សារអន្តរជាតិ ខណៈដែលសមាគមឧកញ៉ាកម្ពុជា រីករាយ និងស្វាគមន៍ជានិច្ចនូវការបង្កើតកិច្ចសហប្រតិបត្តិការនានា ដែលនឹងនាំមកនូវអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្មដល់សមាជិកទាំងអស់ទាំងលើការផ្លាស់ប្តូរបច្ចេកទេស បច្ចេកវិទ្យា ទិដ្ឋភាពច្បាប់ និងការនាំចេញនាំចូលផលិតផលរវាងប្រទេសទាំងពីរផងដែរ។
សូមបញ្ជាក់ថា កិច្ចពិភាក្សាធុរកិច្ចនេះបានកើតឡើងក្រោយពីប្រតិភូសមាគមឧកញ៉ាកម្ពុជា បានជួបពិភាក្សាការងារជាមួយភាគីសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ាកាលពីពេលថ្មីៗកន្លងទៅនេះក្នុងពេលបំពេញបេសកកម្មផ្លាស់ប្ដូរពាណិជ្ជកម្ម និងទាក់ទាញវិនិយោគ កាលពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នៅសហរដ្ឋអាម៉េរិក និងកាណាដាដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

























