សមាគមឧកញ៉ាកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា នៅក្នុងឱកាសថ្ងៃចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំឈានចូល ៧៥ឆ្នាំ ក្នុងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ។
តាងនាមថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមគោរពជូនពរ ជ័យ សិរីមង្គល បវរមហាប្រសើរបំផុតជូនចំពោះ សម្តេចក្រឡាហោម ជាទីគោរពដ៏ខ្ពង់ខ្ពស់។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះដែរ យើងខ្ញុំទាំងអស់គ្នាសូមគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុត និងចងចាំជានិច្ចនូវគំរូវីរភាពជំឧត្តុង្គឧត្តមរបស់ សម្តេចក្រឡាហោម ដែលបានខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយឆន្ទៈមោះមុត និងមិនខ្លាចហត់នឿយក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ ជាតិ និងប្រជាជនកម្ពុជាដើម្បីធានាបាននូវសុខសន្តិភាព ការពង្រឹងសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាការពារ សន្តិសុខជាតិ និងសុវត្ថិភាពសង្គមដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីនិងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមបីបាច់ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជូន សម្តេចក្រឡាហោម និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី និង ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕