សមាគមឧកញ៉ាកម្ពុជា បានកៀរគរសប្បុរសជននានា ដែលជាសមាជិករបស់សមាគម ចូលរួមបរិច្ចាគថវិកា និងសម្ភារៈ ទៅតាមលទ្ធភាព និងធនធាន ជួយសាងសង់សាលារៀន នៅខេត្តកំពង់ធំ ដែលកំពុងត្រូវការអគារសិក្សា និងមានការខ្វះខាត ដែលត្រូវការជំនួយជាបន្ទាន់។

ការចូលរួមបរិច្ចាគថវិកា និងជួយសាងសង់សាលារៀនក្នុងខេត្តកំពង់ធំ ក្រោយពីសមាគមឧកញ៉ាកម្ពុជា បានទទួលសំណើមួយពី ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ តាមរយ: ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសុំជួយជួសជុល និងកសាងអគារសិក្សា ព្រមទាំងឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលកំពុងជួបការលំបាក និងខ្វះខាត នៅតាមគ្រឹះសា្ថនសិក្សាសាធារណៈក្នុងខេត្តកំពង់ធំ។
នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមាគមឧកញ៉ាកម្ពុជាក៏បានរៀបចំកម្មវិធីសំណេះសំណាល និងចែកអំណោយសប្បុរិសធម៌ ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការអប់រំ» ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកជំទាវ, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ នៅវិទ្យាល័យទ្រៀល ភូមិថ្មី ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំផងដែរ។

ដោយមើលឃើញពីតម្រូវការខាងលើនេះ សមាគមឧកញ៉ាកម្ពុជា បានកៀរគរសប្បុរសជននានា ដែលជាសមាជិករបស់សមាគម ចូលរួមបរិច្ចាគថវិកា និងសម្ភារៈ ទៅតាមលទ្ធភាព និងធនធាន ដែលជាលទ្ធផលមានសប្បុរសជនជិត ១១៤នាក់ បានបរិច្ចាគជាថវិកាសរុបចំនួន ១,០៣០,០០០ ដុល្លារអាម៉េរិក និងសម្ភារៈមួយចំនួន ដែលគិតជាទឹកប្រាក់សរុបចំនួន ១៤៨,៨៨៨ ដុល្លារអាម៉េរិក។
ដូចនេះ សរុបទាំងអស់ស្មើនឹង ១,១៧៨,៨៨៨ ដុល្លារអាម៉េរិក ដើម្បីសាងសង់អគារសិក្សាចំនួន៥ខ្នង ស្មើនឹង៥៥បន្ទប់ និងទិញសម្ភារៈមួយចំនួនដូចជា ម៉ូតូ កង់ ឯកសណ្ឋានសិស្ស ឯកសណ្ឋានកីឡា សម្លៀកបំពាក់នៅផ្ទះ សម្ភារៈសិក្សា សម្ភារៈការិយាល័យ និងជួសជុលបន្ទប់សិក្សាជាដើម ដើម្បីឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ចំនួន១៨៥នាក់ និងសិស្សានុសិស្ស ចំនួន ៥,៦៥០នាក់ ដែលកំពុងជួបការលំបាកនិងខ្វះខាតនៅគ្រឹះសា្ថនសិក្សាសាធារណៈ ចំនួន១០ទីតាំងផ្សេងៗគ្នា។

សូមបញ្ជាក់ថា សាលារៀន ដែលទទួលបានអគារសិក្សា និងបានទទួលជំនួយពីសមាគមឧកញ៉ាកម្ពុជា រួមមាន៖
- វិទ្យាល័យទ្រៀល ទទួលបានអគារសិក្សាថ្មីចំនួន ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់
- សាលាបឋមសិក្សាកកោះ ទទួលបានអគារសិក្សាថ្មីចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១០បន្ទប់ និងតុ កៅអី កុំព្យូទ័រ ព្រមទាំងសម្ភារៈការិយាផ្សេងទៀត សរុបមានចំនួន ៥,៣៩៥ ដុល្លាអាម៉េរិក
- សាលាបឋមសិក្សាជាន់លែង ភូមិថ្មី ទទួលបានអគារសិក្សាថ្មីចំនួន ១ខ្នង មាន ១ជាន់ ស្មើនឹង ៥បន្ទប់ ព្រមទាំងកញ្ចប់ថវិកាចំនួន ១០,៣៥០ ដុល្លារអាម៉េរិកសម្រាប់ជួសជុលអគារផ្សេងទៀត
- សាលាបឋមសិក្សាអូរសំបួរ ទទួលបានអគារសិក្សាថ្មីចំនួន ១ខ្នង មាន ១ជាន់ ស្មើនឹង ៥បន្ទប់ និងខ្លោងទ្វារថ្មី១ ក្នុងតម្លៃ ១៤,៥១៩ ដុល្លាអាម៉េរិក
- សាលាបឋមសិក្សាឈូកជីព្រះ ទទួលបានអគារសិក្សាថ្មីចំនួន ១ខ្នង មាន ១ជាន់ ស្មើនឹង ៥បន្ទប់
- សាលាបឋមសិក្សាសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ តាំងគោក ទទួលបានក្តារខៀន តុ កៅអី កុំព្យូរទ័រ ម៉ាស៊ីនព្រីនឯកសារ និងម៉ាស៊ីន LCD សរុបជាទឹកប្រាក់ ៦,៦០៥ ដុល្លារអាម៉េរិក
- សាលាបឋមសិក្សាស្វាយកាល់ ទទួលបានឧបករណ៍បំពងសំឡេង និងផ្លូវបេតុងប្រវែង ៨៧ម៉ែត្រ សរុបជាថវិកា ១៤,១៣៣ ដុល្លាអាម៉េរិក
- សាលាបឋមសិក្សាត្រពាំងអារក្ស ទទួលបានកញ្ចប់ថវិកាជួសជុលបន្ទប់រៀនចំនួន ១,៦០០ ដុល្លាអាម៉េរិក
- សម្រាប់លោកគ្រូអ្នកគ្រូចំនួន ១៥នាក់ដែលមានជីវភាពលំបាក និងមានកង្វះខាតមធ្យោបាយធ្វើដំណើរព្រមទាំងមានទីលំនៅឆ្ងាយពីសាលារៀនផងនោះ ទទួលបាន ម៉ូតូ ម្នាក់ ១គ្រឿង (សរុប ១៥គ្រឿង)
- ចំណែកលោកគ្រូ អ្នកគ្រូ ១៦នាក់ផ្សេងទៀតទទួលបានកង់ម្នាក់ ១គ្រឿង (សរុប ១៦គ្រឿង)
- សិស្សានុសិស្សដែលមានជីវភាពក្រីក្រ និងខ្វះខាតមធ្យោបាយធ្វើដំណើរចំនួន ៧៨៤នាក់ទទួលបានកង់ម្នាក់ ១គ្រឿង (សរុប ៧៨៤គ្រឿង)
- សិស្សានុសិស្សចំនួនទាំង ១០សាលាដែលមានចំនួនសរុប ៥៦៥០នាក់ ម្នាក់ៗទទួលបាន សម្ភារៈសិក្សា ឯកសណ្ឋានសិស្ស សម្លៀកបំពាក់ និងថវិកាម្នាក់ៗចំនួន ៤ម៉ឺនរៀល ៕










