ក្នុងឱកាសចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការអប់រំ» លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ថា សមាគមឧកញ៉ាកម្ពុជា បានចាត់ទុកការចូលរួមសកម្មភាពសប្បុរិសធម៌ និងសង្គមកិច្ច គឺជាការងារអាទិភាពមួយរបស់ខ្លួនដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា។

តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត និងប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ដែលជាអគ្គស្ថាបនិកដ៏ឆ្នើម នៃគោលនយោបាយ ឈ្នះ-ឈ្នះ បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍជាតិ នាពេលបច្ចុប្បន្ននេះ ដែលកំពុងបន្តអនុវត្តយ៉ាងស្វាហាប់ និងឈ្លាសវៃ តាមមាគ៌ាដ៏ត្រឹមត្រូវដោយយុវជនបន្តវេនដ៏ប៉ិនប្រសប់របស់យើងគឺ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោកអ្នកឧកញ៉ា ក៏បានផ្តាំផ្ញើ និងក្រើនរំលឹកដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំងក្លាជាទីបំផុតដើម្បីអនាគតភ្លឺស្វាងសម្រាប់ ខ្លួនឯង គ្រួសារនិងសង្គមជាតិ ពោលគឺត្រូវធ្វើជាសិស្សល្អ ពលរដ្ឋល្អ យុវជនល្អ និងមានសុខភាពល្អដែលជាធនធានមនុស្សដ៏មានគុណតម្លៃ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខទាំងអស់ ដើម្បីក្លាយជាយុវជនបន្តវេនប្រកបដោយថាមពលក្នុងការចូលរួមថែរក្សាឱ្យខាងតែបាននូវសុខសន្តិភាព និងការឯកភាពជាតិដែល សម្តេចតេជោ បានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីស្វែងរក និងបន្សល់ទុកឱ្យ និងបន្តគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលមានសម្តេចធិបតីនាយករដ្ឋមន្ត្រី ជាអ្នកដឹកនាំបន្តវេនដ៏ឆ្នើមដើម្បីកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅកាន់គោលដៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
គួររំលឹកថា ចាប់តាំងពីប្រកាសបង្កើតជាផ្លូវការមក សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើនដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា មន្ទីរពេទ្យ វត្តអារាម សារៈមន្ទី និងការឧបត្ថម្ភជាសម្លៀកបំពាក់ សម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគជាដើម។
សម្រាប់កម្មវិធីសប្បុរិសធម៌នាដើមឆ្នាំ២០២៥ នៅលើទឹកដីខេត្តកំពង់ធំនេះវិញ សមាគមឧកញ៉ាកម្ពុជា បានកៀរគរនូវធនធានជាថវិកា និងសម្ភារៈនានាតាមរយៈការចូលរួមបរិច្ចាគរបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ប្រមាណជា ១១៤រូប ដើម្បីជួយកសាងអគារសិក្សា ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗព្រមទាំងមធ្យោបាយធ្វើដំណើរ ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាចំនួន ១០ដែលកំពុងជួបប្រទះកង្វះខាតថ្នាក់រៀន និងមានបញ្ហាប្រឈមផ្នែកជីវភាពផងដែរ។







