ឯកឧត្តម វង្សី វិស្សុត វាយតម្លៃខ្ពស់និងចាត់ទុកអំណោយសប្បុរសជាង ១,១ លានដុល្លារអាម៉េរិក ពីសមាគមឧកញ៉ាកម្ពុជា ជាការចូលរួមដ៏ច្រើន និងមិនធ្លាប់មានពីមុនមកសម្រាប់ខេត្តកំពង់ធំ

សមាគមឧកញ៉ាកម្ពុជា

ក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីសំណេះសំណាល និងចែកអំណាយសប្បុរិសធម៌ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការអប់រំ» រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានមានប្រសាសន៍ថា អំណោយសប្បុរិសធម៌របស់សមាគមឧកញ៉ាកម្ពុជាដែលសរុបទឹកប្រាក់ជាង ១,១លានដុល្លារអាម៉េរិក នាពេលនេះ គឺមានតម្លៃខ្លាំងណាស់ សម្រាប់រាជរដ្ឋាភិបាល និយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តកំពង់ធំ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំផ្ទាល់តែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ ឯកឧត្តម បានរំលឹកពីគំនិតគាំទ្រដ៏ថ្លៃថ្លាប្រកបទៅដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបង្កើតនិងកិច្ចដំណើរការដ៏មានសារៈសំខាន់ នៃសមាគមឧកញ៉ាកម្ពុជា។ ជាមួយនឹងចក្ខុវិស័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក៏នៅតែចាត់ទុកវិស័យឯកជនជាដៃគូសំខាន់បំផុត និងរួមចំណែកជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើតការងារ បង្កើនប្រាក់ចំណូល និងតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច, ចូលរួមចំណែកក្នុងសកម្មភាពសង្គម មនុស្សធម៌ និងសប្បុរិសធម៌ ជាពិសេសរួមចំណែកក្នុងការកសាងធនធានមនុស្ស និងលើកតម្កើងគុណតម្លៃរបស់ «ឧកញ៉ា» ទាំងតម្លៃសីលធម៌ ចរិយាធម៌ និងគុណធម៌ ឱ្យស័ក្ដិសមនឹងឋានៈក្នុងសង្គម សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន និងចីរភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ក៏ដូចជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន និងសមាជិកសមាជិកាសមាគម ព្រមទាំងសប្បុរសជនចំនួន១១៤រូប ដែលបានចូលរួមបរិច្ចាគជាថវិកានិងសម្ភារៈសរុបជាទឹកប្រាក់ជាង ១,១៧៨,៨៨៨ ដុល្លារអាម៉េរិក សម្រាប់ប្រគល់ជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃខេត្តកំពង់ធំក្នុងនោះរួមមាន៖ កសាងអគារសិក្សាចំនួន៥ខ្នង ស្នើនឹង ៥៥បន្ទប់, ថវិកាសម្រាប់ជួសជុលអគារសិក្សា កសាងហេដ្ឋារចនាសម្ព័ន្ធ ក្តារខៀន តុ កៅអី និងសម្ភារៈការិយាល័យក្នុងសាលាទាំង ១០, ថវិកាលើកទឹកចិត្ត សម្ភារៈសិក្សា និងសម្លៀកបំពាក់ សម្រាប់លោកគ្រូអ្នកគ្រូចំនួន ១៨៥នាក់ និងសិស្សានុសិស្សសរុប ៥៦៥០នាក់ ក៏ដូចជា មធ្យោបាយធ្វើដំណើររួមមានម៉ូតូ ១៥គ្រឿង និងកង់ ១៦គ្រឿងសម្រាប់លោកគ្រូ អ្នកគ្រូដែលមានទីលំនៅឆ្ងាយពីសាលារៀន ព្រមទាំងកង់ ៧៨៤គ្រឿងដល់សិស្សានុសិស្សដែលមានជីវភាពលំបាក និងខ្វះខាតមធ្យោបាយធ្វើដំណើរផងដែរ។