នាព្រឹកថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំជំនួបពិភាក្សាការងារ និងការផ្គូផ្គងធុរកិច្ចជាមួយគណៈប្រតិភូធុរជន ដឹកនាំដោយ លោក គីម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅរដ្ឋកាលីហ្វ័រញ៉ា និងជាប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន ១៣ក្រុមហ៊ុន ដឹកនាំដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងសមាសភាពធុរជនជាតំណាងធុរកិច្ចពីសហរដ្ឋអាម៉េរិកប្រមាណ ២០ក្រុមហ៊ុន មកពីចម្រុះវិស័យ ដូចជា កសិកម្ម, អប់រំ, ដឹកជញ្ជូននិងភស្តភារ, ថាមពល, បច្ចេកវិទ្យាព័ត៌មាន, ទេសចរណ៍និងបដិសណ្ឋារកិច្ច, សេវាកម្មច្បាប់និងពន្ធដារ, សុខាភិបាល, ធនាគារនិងហិរញ្ញវត្ថុ, ធនារ៉ាប់រង, អចលនទ្រព្យ, សំណង់, វិស្វកម្ម, អាហារនិងភេសជ្ជៈ ។ល។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូធុរជន អំពីដំណើរអភិវឌ្ឍន៍ជាបន្តបន្ទាប់ឥតឈប់ឈររបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល តាំងពីដើមរហូតមកដល់បច្ចុប្បន្ន ជាពិសេសជាមួយនឹងគោលនយោបាយក្នុងការបង្កើនពិពិធកម្មសេដ្ឋកិច្ច សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសាវតារនៃការបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាបេសកកម្ម និងចក្ខុវិស័យ ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតាមរយៈប្រព័ន្ធអ៊ីនធឺណេត។
ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានជម្រាបជូន គណៈប្រតិភូធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ា នូវបេសកកម្ម និងតួនាទីស្នូលរបស់សមាគមឧកញ៉ាកម្ពុជា ដែលជាស្ថាប័នតំណាងឱ្យវិស័យឯកជននៅកម្ពុជា ប្រមូលផ្ដុំដោយសមាជិកសុទ្ធសឹងតែជាធុរជន និងពាណិជ្ជករដ៏មានសក្តានុពល ហើយកំពុងតែវិនិយោគលើពហុវិស័យដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
បន្ទាប់ពីបានស្តាប់ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាការណែនាំខ្លួនរបស់សមាជិកសមាគមឧកញ៉ាកម្ពុជារួចមក គណៈប្រតិភូធុរជនពីរដ្ឋកាលីហ្វ័រញ៉ា បានសម្ដែងការកោតសរសើរ និងបង្ហាញចំណាប់អារម្មណ៍ខ្ពស់លើការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា។
ទន្ទឹមនឹងនេះ គណៈប្រតិភូធុរជនក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់ក្នុងការសម្របសម្រួល និងថែទាំគាំទ្រដល់វិស័យឯកជន ព្រមទាំងបានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាពដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងភាគីទាំងពីរ៕








