នាល្ងាចថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមទាំងសមាជិកសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀត បានចូលរួមក្នុង “ពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ច» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ និងរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) ដោយមានការគាំទ្រពីសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន(CJBI) និង សមាគមធុរកិច្ចជប៉ុននៅកម្ពុជា(JBAC) ។
ក្នុងឱកាសនៃជំនួបខាងលើនេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន ១០ក្រុមហ៊ុន និងតំណាងក្រុមហ៊ុនកម្ពុជាដទៃទៀតចំនួន ៣០ក្រុមហ៊ុន បានជួបផ្គូផ្គងធុរកិច្ចជាមួយគណៈប្រតិភូធុរកិច្ចជប៉ុនចំនួន ៤៤ក្រុមហ៊ុន មកពីចម្រុះវិស័យ ដើម្បីស្វែងរកឱកាសចាប់ដៃគូវិនិយោគ និងកិច្ចសហការធុរកិច្ចទៅវិញទៅមកនៅក្នុងវិស័យអាទិភាពរៀងៗខ្លួន។
លោក Kohei Wakabayashi ប្រធានតំណាងអង្គការ JETRO បានឱ្យដឹងថា ក្រុមវិនិយោគិនទាំងនេះ មិនត្រឹមតែមកពីប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងមកពីប្រទេសថៃ វៀតណាម ចិន និងប្រទេសផ្សេងៗទៀតផងដែរ ហើយក្រុមហ៊ុនទាំងនេះមានបំណងពង្រីកអាជីវកម្មក្រៅប្រទេសរបស់ខ្លួន ខណៈកាលពីឆ្នាំ២០២៤ ក្រុមហ៊ុនជប៉ុនជាង ៩០បានចុះបញ្ជីវិនិយោគនៅកម្ពុជា។
លោកបានជម្រាបជូនបន្ថែមទៀតថា ក្រុមហ៊ុនជប៉ុនទាំងនេះ កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ហេតុដូច្នេះហើយទើប JETRO រៀបចំជំនួបរវាងពួកគេ និងមន្រ្តីជាន់ខ្ពស់ ក៏ដូចជាធុរជននៅកម្ពុជា ដើម្បីសិក្សា និងផ្គូផ្គងធុរកិច្ចទៅវិញទៅមក។
ថ្លែងក្នុងពិធីខាងលើ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន និងដោះស្រាយបញ្ហាប្រឈមនិងកង្វល់នានារបស់វិស័យឯកជន និងជាពិសេសលើកទឹកចិត្តឱ្យសហគមន៍វិនិយោគិនជប៉ុនលើកឡើងអំពីបញ្ហាប្រឈមនានាឱ្យចំៗដោយបើកចំហ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តពិភាក្សាអំពីគោលនយោបាយថ្មីរបស់ JETRO ដែលមានបំណងលើកស្ទួយធុរកិច្ចថ្មីកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចថ្មីកម្ពុជា-ជប៉ុន និងបន្តជំរុញយន្តការនៃការបង្កើតក្រុមការងារពិសេស ដែលមានតំណាងពីក្រសួង-ស្ថាប័ន ដើម្បីសម្របសម្រួលយ៉ាងជិតស្និតជាមួយ JETRO និងក្រុមហ៊ុនជប៉ុន។
ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល នឹងបន្តជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន ដើម្បីចាប់យកសក្តានុពលជាច្រើននៃទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសទាំងពីរបន្ថែមទៀត ,បន្តការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន , បន្តពង្រឹង និងបង្កើនសមត្ថភាពផលិតកម្ម គុណភាព និងស្តង់ដារទំនិញកម្ពុជា ដើម្បីនាំចូលទីផ្សារជប៉ុន និង បន្តគាំទ្រនិងជំរុញក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគក្នុងវិស័យទូរគមនាគមន៍ និងបរិវត្តកម្មឌីជីថល ពិសេសលើការអភិវឌ្ឍប្រព័ន្ធសេវាអ៊ីនធឺណិត, វិស័យពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល សហគ្រាសធុនតូចនិងមធ្យម, កសិ-ឧស្សាហកម្ម, ឧស្សាហកម្មបៃតង ព្រមទាំងបន្តលើកទឹកចិត្ត ពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) ។ល។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងផងដែរថា ក្នុងរយៈពេល១៥ឆ្នាំកន្លងមក អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅរាជធានីភ្នំពេញបានបំពេញបេសកកម្មរបស់ខ្លួន ក្នុងការជួយសម្របសម្រួលពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុនតាមរយៈការរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដូចជាពិព័រណ៍ពាណិជ្ជកម្ម ការបណ្តុះបណ្តាល ទំនាក់ទំនងធុរកិច្ច និងការផ្គូផ្គងក្រុមហ៊ុនរវាងប្រទេសទាំងពីរជាដើម។
ជាសមិទ្ធផល ប្រទេសជប៉ុន បាននិងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីសរុប ពី ១,៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៧ ដល់ ២.២ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤។
សូមជម្រាបថា ក្នុងឆ្នាំ២០២៤ កម្ពុជាបានចុះបញ្ជីក្រុមហ៊ុនជប៉ុនប្រមាណ ៩០ក្រុមហ៊ុន ដោយមានការកើនឡើង ២០.៥៥% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រុមហ៊ុនជប៉ុនបានវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានចូលរួមជាវិជ្ជមានដល់ដំណើរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការបង្កើតការងាររាប់ពាន់កន្លែង ការបណ្តុះបណ្តាលជំនាញ និងផ្ទេរបច្ចេកវិទ្យា ដែលជាការរួមចំណែកពង្រឹងភាពប្រកួត ប្រជែងឧស្សាហកម្ម និងផលិតភាពការងាររបស់កម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនជប៉ុនល្បីៗដូចជា Minebea, AEON និង Toyota បាននិងកំពុងដំណើរការយ៉ាងល្អប្រសើរ និងបានបន្តបង្កើនទីតាំង រោងចក្រ និងទីតាំងធុរកិច្ចរបស់ខ្លួននៅកម្ពុជាជាបន្តបន្ទាប់ ៕








