សមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ចេញវីដេអូស្តីពីសេចក្ដីជូនដំណឹងអំពីការរៀបចំសន្និបាតប្រចាំឆ្នាំ លើកទី២ និងពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ខាងមុននេះ។

តាមរយៈវីដេអូជូនដំណឹងនេះ បានឱ្យដឹងថា ក្នុងគោលបំណងពង្រីកសាមគ្គីភាព និងភាតរភាពរវាងសមាជិកទាំងអស់ ក៏ដូចជាអនុលោមតាមលក្ខន្តិកៈរបស់ខ្លួន សមាគមឧកញ៉ាកម្ពុជា នឹងប្រារព្វពិធីសន្និបាតប្រចាំឆ្នាំលើកទី២ ដើម្បីបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុនម៉ាណែត និងពិធីពិសារភោជនាអាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា។
សន្និបាតដែលជាអង្គការលេខខ្ពស់បំផុតរបស់សមាគមឧកញ៉ាកម្ពុជា នឹងផ្តល់ឱកាសដល់សមាជិកគ្រប់ៗរូប អាចចូលរួមបញ្ចេញមតិ ផ្តល់យោបល់ និងទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ ពីសមិទ្ធផលការងារប្រចាំឆ្នាំនីមួយៗរបស់សមាគម ដែលបាននឹងកំពុងបំពេញបេសកកម្ម ក្នុងគោលដៅថែរក្សា និងលើកកម្ពស់ឧត្តមភាពដ៏ឧដុង្គឧត្តមនៃគោរមងារឧកញ៉ា ដើម្បីចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព តាមរយៈសកម្មភាព សប្បុរសធម៌ ការជំរុញពាណិជ្ជកម្ម និងទាក់ទាញវិនិយោគ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ រាប់ម៉ឺនកន្លែងទូទាំងប្រទេស៕


