អ្នកឧកញ៉ា ហ៊ុន ឡាក់ និងសមាជិកសមាគមឧកញ៉ាកម្ពុជាច្រើនរូប ជួបផ្គូរផ្គងធុរកិច្ចជាមួយគណៈប្រតិភូធុរកិច្ចចិន ចំនួន៥០ក្រុមហ៊ុន

សមាគមឧកញ៉ាកម្ពុជា

នាល្ងាចថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមទាំងសមាជិកសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀត បានចូលរួមក្នុង “ជំនួបផ្គូផ្គងធុរកិច្ច និងអាហារពេលល្ងាច» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។ ក្នុងឱកាសនៃជំនួបខាងលើនេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន ១៥ក្រុមហ៊ុន ក៏បានជួបផ្គូផ្គងធុរកិច្ចជាមួយគណៈប្រតិធុរកិច្ចចិន ចំនួន៥០ក្រុមហ៊ុន មកពីចម្រុះវិស័យ ដឹកនាំដោយលោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងចឹងចូវ នៃខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏ដូចជា លោកស្រីអភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងចឹងចូវ ព្រមទាំងគណៈប្រតិភូអមដំណើរទាំងអស់ ដែលបានអញ្ជើញចូលរួមយ៉ាងកុះករនាឱកាសនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបានចំណាយពេលវេលាមកបំពេញទស្សកិច្ចស្វែងយល់ដោយផ្ទាល់អំពីបរិយាកាសវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន ដែលបង្ហាញឱ្យឃើញពីចំណងមិត្តភាព កម្ពុជា-ចិន ដ៏រឹងមាំស្អិតរមួតក្នុងនាមជាមិត្តដែកថែប។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងធំធេងនៃទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកំពុងបន្តរីកចំរើនកាន់តែរឹងមាំឥតឈប់ឈរថែមទៀត និងបានរំលេចដែរថា កម្ពុជា គឺពិតជាគោលដៅវិនិយោគមួយដ៏ប្រពៃ បើធៀបនឹងគោលដៅដទៃនៅក្នុងតំបន់។

លោកស្រីអភិបាលរង បានគោរពថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ប្រកបដោយមិត្តភាព និងការរៀបចំជំនួបពិភាក្សាដ៏មានសារៈប្រយោជន៍សម្រាប់គណៈប្រតិភូទាំងអស់ ពិសេស គណៈប្រតិភូវិនិយោគិនទាំង ៥០ក្រុមហ៊ុន ដែលចូលរួមក្នុងដំណើរទស្សនកិច្ចនេះ។ លោកស្រីក៏បានជម្រាបអំពីគោលបំណងនៃការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូចិន ក្នុងការស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា និងស្វែងរកដៃគូវិនិយោគក្នុងវិស័យអាទិភាពរបស់ខ្លួនផងដែរ។ 

បន្ថែមលើនេះ លោកស្រីបានរំលេចជាពិសេសអំពី គម្រោងស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន ដែលត្រូវបានរំពឹងថានឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មពិសេសលើ ផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្មបែបទំនើប។

ជំនួបផ្គូផ្គងធុរកិច្ច និងអាហារពេលល្ងាចនេះ បានប្រព្រឹត្តទៅដោយភាពរលូន ដោយគណៈប្រតិភូកម្ពុជា និងចិន បានជួបផ្លាស់ប្ដូរទំនាក់ទំនងធុរកិច្ចជាមួយគ្នា ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល។