លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានទទួលអនិច្ចកម្មកាលពីព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ នាវេលាម៉ោង ២:២៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ គឺជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ដែលជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅនិងពោរពេញដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ គឺជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបដែលបានបូជាអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ដោយបានចូលរួមចំណែកយ៉ាងសកម្មបំផុតក្នុងចលនារំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍមកដល់សព្វថ្ងៃ។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
