នារសៀលថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលរួមមានវត្តមានរបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ចំនួន ៣៧រូប ជាអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវជាបងប្រុសច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


សូមបញ្ជាក់ថា ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានទទួលអនិច្ចកម្មកាលពីព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ នាវេលាម៉ោង ២:២៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ គឺជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ដែលជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅនិងពោរពេញដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ គឺជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបដែលបានបូជាអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ។ សកម្មភាពដ៏ឧត្តុង្គឧត្តមទាំងអស់នេះ បានធ្វើឱ្យឯកឧត្តមអ្នក ឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទទួលបាននូវការគោរពស្រឡាញ់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺ «ថ្នាក់ជាតូបការ» និងគោរមងារជា «អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន» នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕












