អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជា ចំនួន ២៥រូប ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បាននាំយកនូវជំនួយឧបត្ថម្ភជាថវិការ និងសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាសរុបចំនួន ៤០,៣៤៧ ដុល្លារអាមេរិច ជួយផ្ទាល់ដល់មណ្ឌលកុមារកំព្រាចំនួន ៤ ក្នុងខេត្តកំពង់ស្ពឺ។


កម្មវិធីចុះសំណេះសំណាល និងប្រគល់ថវិការជូនមណ្ឌលកុមារកំព្រាចំនួន ៤ ក្នុងខេត្តកំពង់ស្ពឺ នេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងមន្ទីរ ក៏ដូចជាស្ថាប័នមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺផងដែរ។
ឯកឧត្តម វុី សំណាង បានមានប្រសាសន៍ថា មណ្ឌលទាំង៤នេះ រួមមាន៖ មណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ មណ្ឌលកុមារព្រៃជុំ សហគមន៍ផ្ទះជាក្រុមរបស់យើង និងមណ្ឌលកុមារក្តីសង្ឃឹមថ្មីដែលមានចំនួនកុមារ ២០៦នាក់ក្នុងនោះកុមារី ៨២នាក់ រួមជាមួយបុគ្គលិកមេីលថែកុមារចំនួន ២៨នាក់។

ឯកឧត្តម បានបន្ថែមថា ជានិច្ចកាល ថ្នាក់ដឹកនាំខេត្តតែងតែយកចិត្តទុកដាក់គិតគូដល់សុខទុក្ខរបស់កុមារទាំងអស់ ដោយបានព្យាយាមស្វែងរកជំនួយនានាដើម្បីឧបត្ថម្ភដល់ការផ្គត់ផ្គង់អាហារ និងការរៀនសូត្ររបស់ពួកគេ ស្របទៅតាមគោលនយោបាយសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ។
អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានថ្លែងថា ដោយមើលឃើញពីការខ្វះខាត និងតម្រូវការជាក់ស្តែងរបស់មណ្ឌលកុមារកំព្រាទាំង ៤នេះ សមាគមឧកញ៉ាកម្ពុជា បានកៀរគរសប្បុរសជននានា ដែលជាសមាជិករបស់សមាគមដើម្បីជួយដល់កុមារកំព្រា និងអ្នកមើលថែសរុបចំនួន ២៣៤នាក់ ដោយអំណោយទាំងនេះមានដូចជា៖ គ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃ និងសម្លៀកបំពាក់ជាដើមសរុបជាថវិកាចំនួន ៤០,៣៤៧ ដុល្លារអាមេរិច។

អ្នកឧកញ៉ា លី យ៉ុងផាត់ បានបន្តថាតាមរយៈអំណោយនៅថ្ងៃនេះ គឺជាការចូលរួមបរិច្ចាគរបស់សប្បុរសជននានា ដែលជាសមាជិករបស់សមាគម និងថវិការបស់សមាគម ក្រោមសកម្មភាពសប្បុរសធម៌។ អ្នកឧកញ៉ា មានក្តីសង្ឃឹមយ៉ាងមុតមាំថា អំណោយដែលសមាគមឧកញ៉ាកម្ពុជា ផ្តល់ជូននៅពេលនេះ នឹងត្រូវបានប្រើប្រាស់ចំគោលដៅ និងបានបំពេញតម្រូវការរបស់ក្មួយៗ ដែលកំពុងស្នាក់នៅ និងសិក្សានៅក្នុងមណ្ឌលទាំង៤នេះ។
អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយៗទាំងអស់ត្រូវខឹកខំប្រឹងប្រែងរៀនសូត្រ ឱ្យខ្លាំងពូកែដើម្បីជាទំពាំងស្នងឬស្សី សម្រាប់បន្តវេនក្នុងការថែរក្សា ការពារជាតិ មាតុភូមិ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសជាតិរបស់យើងទាំងអស់គ្នា ជាពិសេសជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខទាំងឡាយ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
សកម្មភាពសប្បុរសធម៌នេះ គឺជា បេសកកម្មមួយរបស់សមាគមឧកញ៉ាកម្ពុជាក្នុងការចូលរួម អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាតាមរយៈសកម្មភាពពាណិជ្ជកម្ម ការបង្កើតការងារ និងការចែករំលែកធនធានក៏ដូចជាសម្ភារៈដើម្បីសម្រាលការលំបាកផ្សេងៗរបស់ប្រជាជនកម្ពុជាផងដែរ។

























