លោកជំទាវស្ត្រីទី១ ពេជ ចន្ទមុន្នី ជូនពរអតីតព្រះសង្ឃខ្មែរ ជួន កក្កដា និងរំពឹងថាលោកបន្តកិច្ចការអប់រំសីលធម៌និងសុជីវធម៌ ដល់យុវជន យុវតីខ្មែរ

ជំទាវស្រុកខ្មែរ ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាពុទ្ធសាសនិកមួយរូប ដែលតែងតែស្តាប់ធម្មទេសនារបស់អតីតព្រះតេជគុណ ជួន កក្កដា។ អតីតព្រះអង្គមុនិបាលោ ជួន កក្កដា លោកបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត សាងផ្នូសជួយទ្រទ្រង់ព្រះពុទ្ធសាសនានៅកម្ពុជាកន្លងមកតាមរយៈការផ្សព្វផ្សាយអប់រំឱវាទរបស់ព្រះពុទ្ធដល់ឧបាសកឲ្យប្រព្រឹត្តិអំពើល្អ វៀរចាកអំពើអបាយមុខផ្សេងៗ។

ឧបាសក ជាអ្នកដល់ព្រះរត្នត្រ័យជាទីពឹងឬជាទីរឭក គឺគ្រហស្ថដែលចូលកាន់ពុទ្ធសាសនាស៊ប់ ហើយកាន់សីលធម៌ខ្ជាប់ខ្ជួនតាមច្បាប់សម្រាប់ពុទ្ធសាសនិកជនជាគ្រហស្ថ (ខ្មែរហៅកាត់ខ្លីថា បាសក សំដៅសេចក្ដីថា “គ្រហស្ថ”)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវស្ត្រីទី១ ដាក់ក្ដីរំពឹងថា លោក ជួន កក្កដា ក្នុងភេទជាគ្រហស្ថ នៅតែបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អ ជួយដល់សង្គមកម្ពុជា ជាពិសេសនៅតែបន្តការផ្សព្វផ្សាយអប់រំយុវជន យុវតីជំនាន់ក្រោយឱ្យមានសីលធម៌ សុជីវធម៌ មេត្តាធម៌និងគុណធម៌ ដើម្បីក្លាយជាទំពាំងស្នងឬស្សីនិងជាធនធានមនុស្សសម្រាប់កសាងនិងអភិវឌ្ឃន៍ប្រទេសជាតិបន្តទៀត។

លោកជំទាវក៏សូមជូនពរលោក ជួន កក្កដា ឱ្យមានសំណាងល្អក្នុងភាពជាគ្រហស្ថ។

សារខ្លីដែលមានអត្ថន័យបង្កប់ដោយក្ដីអាឡោះអាល័យរបស់លោកជំទាវស្ត្រីទី១ ត្រូវបានបង្ហោះជាសាធារណៈនៅលើបណ្ដាញទំនាក់ទំនងសង្គម (Facebook) នៅវេលាព្រឹកថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២៥ នេះ ក្រោយពេលបានដឹងដំណឹងពីព្រះអង្គមុនិបាលោ ជួន កក្កដា ព្រះវិន័យធម៌ខេត្តតាកែវ និងជានាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ នៅខេត្តតាកែវ បានសម្រេចចិត្តលាចាកសិក្ខាបទ។

សូមរំឮកផងដែរថា ព្រះអង្គជាព្រះធម្មកថិក មានឈ្មោះល្បីមួយអង្គនៅក្នុងប្រទេស និងជាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យព្រះសីហនុរាជផងដែរ។ លោក ជួន កក្កដា បានសាងផ្នូសសិក្សារៀនសូត្រផ្នែកពុទ្ធចក្រ តាំងពីឆ្នាំ ១៩៩៨ ក្នុងវ័យ ១៣ ឆ្នាំមកម្ល៉េះ។ លោក ជួន កក្កដា ជាអតីតព្រះសង្ឃខ្មែរដែលមានចំណេះដឹងខ្ពង់ខ្ពស់ បានចូលរួមកិច្ចការផ្សព្វផ្សាយព្រះធម៌ដល់ពុទ្ធសាសនិកជនទូទាំងប្រទេស និងបានចិញ្ចឹមបីបាច់ក្មេងកំព្រា គ្មានទីជម្រកឲ្យស្នាក់អាស្រ័យក្រោមដំបូលវត្តអារាម និងបានបណ្ដុះបណ្ដាលយុវជនខ្មែរឲ្យមានចំណេះវិជ្ជាកសាងខ្លួនជាច្រើនរយនាក់ ក្នុងរយៈពេល ២៧ ឆ្នាំកន្លងមកនេះ៕