ឧកញ៉ាបណ្ឌិត គីម ហ៊ាង ថ្មីៗនេះទើបបានបញ្ជាក់ឱ្យដឹងជាថ្មីម្ដងទៀត ពីបច្ចុប្បន្នភាព និងវឌ្ឍនភាព នៃការបន្តបោះជំហាន ប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រុមហ៊ុនអចលនទ្រព្យ Keller Williams កម្ពុជា (KW Cambodia) ស្របពេលដែល សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏កំពុងតែវិលមករកប្រក្រតីភាពឡើងវិញជាបណ្ដើរៗ។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកអនុសាខា KW-KRE ប្រចាំខេត្តកំពង់ចាម កាលពីថ្ងៃទី១១ វិច្ឆិកា ២០២១ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia បានប្រាប់ Oknha News តាមសារអេឡិចត្រូនិកថា៖ “បេសកកម្ម និងផែនការមេរយៈពេល ១០ឆ្នាំ គឺឆ្នាំ ២០២៨ ក្រុមហ៊ុន KW គ្រោងនឹងពង្រីកសាខាទូទាំងប្រទេសកម្ពុជានៅតាមបណ្ដាស្រុកនានា ឱ្យបានចំនួន ១០០សាខា និងមានបុគ្គលិកបម្រើការងារយ៉ាងតិច ៧ពាន់នាក់ ដើម្បីឆ្លើយតបនឹងភាពរីកចម្រើនឥតឈប់ឈរ នៃវិស័យអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា”។
Dr. គីម ហ៊ាង ពន្យល់លម្អិតថា កាលចន្លោះឆ្នាំ ២០១៨-២០១៩ KW បានពង្រីកសាខាប្រកបដោយវឌ្ឍនៈភាព ហើយយើងកំណត់ថា យ៉ាងហោចណាស់ នឹងមាន ២០ទីតាំង តែចូលដល់ដើមឆ្នាំ ២០២០ បញ្ហាកូវីដក៏កើតឡើង ធ្វើឱ្យចរន្តការងារ និងផែនការមេរបស់ក្រុមហ៊ុន KW ជួបបញ្ហាបន្តិចបន្ទួច។
“ឥឡូវនេះ KW Cambodia ដែលបោះជំហានមកដល់ខេត្តកំពង់ចាម ជាសាខាទី៧ រៀងយឺតជាងផែនការបន្តិច ប៉ុន្តែ…យើងទៅមុខ មានន័យថា វត្តមានរបស់ KW ទីតាំងខេត្តកំពង់ចាមនេះ ជាអ្វីដែលយើងបានគិតគូ និងរៀបចំមកយូរហើយ”។ ប្រធានស្ថាបនិក KW Cambodia រូបនេះ បញ្ជាក់បន្ថែម។
អ្នកជំនួញមានបទពិសោធន៍ជោគជាំ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាអស់រយៈពេលជិត ២០ឆ្នាំរូបនេះ ប្រាប់ពីគោលបំណងនៃការនាំយកក្រុមហ៊ុនអចលនទ្រព្យល្បីល្បាញលំដាប់អន្តរជាតិ Keller Williams ចូលប្រទេសកម្ពុជា ដោយសារតែលោកចង់ឱ្យមានក្រុមហ៊ុនអចលនទ្រព្យស្តង់ដារមួយ ដែលមានបណ្ដាញទិញលក់អចលនទ្រព្យទូទាំងប្រទេស។ មានន័យថា ទៅថ្ងៃមុខ ខេត្តណាក៏នឹងមានវត្តមានរបស់ក្រុមហ៊ុន KW Cambodia នៅឈរជើងដែរ។
បើតាមការឱ្យដឹងរបស់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង KW គឺក្រុមហ៊ុនដ៏ធំមួយ មានសាខាជាង ៥០ប្រទេស នៅជុំវិញពិភពលោក និងមានភ្នាក់ងារលក់រាប់សែននាក់ កំពុងបំពេញការងារ។ KW ក៏ជាក្រុមហ៊ុនជំនាញខាងបណ្ដុះបណ្ដាលបុគ្គលិកឱ្យមានជំនាញទិញលក់ពិតប្រាកដក្នុងវិស័យអចលនទ្រព្យ។ លោកបានសម្រេចចិត្តទិញសិទ្ធិផ្ដាច់មុខ ក្រុមហ៊ុនអចលនទ្រព្យយក្សនេះ និងបាននាំចូលមកប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៨។
KW ជាក្រុមហ៊ុនដែលបង្រៀនមនុស្សឱ្យចេះស្ទូចត្រីគ្រប់ប្រភេទ ទាំងតូច និងធំ ហើយយើងមានសុទិដ្ឋិនិយមថា យើងនឹងជួយដល់បងប្អូនដែលកំពុងប្រកបអាជីពខាងរកស៊ីដីធ្លី ឱ្យកាន់តែជំនាញច្បាស់លាស់ថែមទៀត។ KW Cambodia នឹងនាំយកនូវវិធីសាស្ត្រទិញលក់អចលនទ្រព្យពីខាងប្រទេសជឿនលឿននៅជុំវិញពិភពលោក មកផ្ទេរចំណេះជំនាញទាំងអស់នេះដល់កូនខ្មែរយើង។ នេះបើតាមការពន្យល់របស់ ឧកញ៉ាបណ្ឌិត គីម ហ៊ាង។
នៅ KW យើងមានប្រព័ន្ធការងារ និងប្រព័ន្ធគ្រប់គ្រងល្អ មានការស្រាវជ្រាវ និងអភិវឌ្ឍន៍ ប្រព័ន្ធចែកកុំមីស្យុង រួមទាំងការប្រមូលផ្ដុំបណ្ដាញភ្នាក់ងារលក់ប្រកបដោយសក្ដានុពល។ ដូច្នេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង រំពឹងខ្ពស់ថា បងប្អូនដែលមានបំណង ឬកំពុងប្រកបអាជីពជាភ្នាក់ងារទិញលក់អចលនទ្រព្យទាំងអស់នៅទូទាំងប្រទេសកម្ពុជា អាចអញ្ជើញចូលរួមជាមួយក្រុមហ៊ុន KW Cambodia នៅតាមសាខាទាំងអស់ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា និងរួមចំណែកជួយលើកស្ទួយសេដ្ឋកិច្ចប្រទេសជាតិយើង តាមរយៈវិស័យអចលនទ្រព្យនេះប្រកបដោយវឌ្ឍនភាពយូរអង្វែង។
ក្រៅពីក្ដោបក្ដាប់តួនាទីជាប្រធានស្ថាបនិកក្រុមហ៊ុន KW Cambodia ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏ជាម្ចាស់គម្រោងបុរី KS Residence នៅកៀនស្វាយ និង បុរី វិមានសំណាង នៅក្នុងខ័ណ្ឌព្រែកព្នៅ ដែលកំពុងសម្រុកសាងសង់យ៉ាងមមាញឹក លើផ្ទៃដី ២៥ហិកតា ដោយមានលក់ជាប្រភេទវីឡាតម្លៃខ្ទង់សែនដុល្លារ សរុបជាង ៤៥០វីឡា ដូចជា Prince Villa, Queen Villa និង King Villa។
បុរី វិមានសំណាង មានទីតាំង លើមហាវិថីឈ្នះឈ្នះ ចម្ងាយប្រហែលជាង ២៥០០ម ពីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់។ ក្រៅពីមានទីតាំងនៅក្នុងតំបន់ដ៏មានសក្ដានុពល គ្រប់វីឡាក្នុងបុរី សុទ្ធតែមានកន្លែងចតរថយន្ត មានសួនច្បារធំទូលាយ ជាពិសេសបែរមុខទៅរកមាត់ព្រែក ស័ក្តិសមសម្រាប់អ្នក ដែលត្រូវការគេហដ្ឋានលំដាប់អភិជន ដែលមានភាពស្ងប់ស្ងាត់ សុវត្ថិភាព ប្រកបឯកជនភាព និងស្ថិតនៅលើទីតាំងត្រូវតាមក្បួនហុងស៊ុយល្អបំផុត៕