លោកជំទាវឧកញ៉ា សៀង ចាន់ហេង ត្រូវបានថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺលើកសរសើរដែលបានចូលរួមបរិច្ចាកថវិការាប់លានដុល្លារជួយអភិវឌ្ឍខេត្តមួយនេះ។
លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺបានឲ្យដឹងថា លោកជំទាវឧកញ៉ា សៀង ចាន់ហេង បានចូលរួមអភិវឌ្ឍខេត្តកំពង់ស្ពឺ ដោយបានចំណាយទ្រព្យធនយ៉ាងច្រើនលើការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនានា បម្រើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
បើតាមថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺរូបនេះ លោកជំទាវគ្មានមុខរបររកស៊ីក្នុងខេត្តនេះទេ តែដោយសារទឹកចិត្តអាណិតស្រឡាញ់ទើបលោកជំទាវបានចំណាយទ្រព្យធនយ៉ាងច្រើនជួយកសាងសមិទ្ធផលនានា ដើម្បីបម្រើប្រយោជន៍រស់នៅរបស់បងប្អូននៅខេត្តកំពង់ស្ពឺ។
លោក យឹម សុខុម បានលើកពីសមិទ្ធផលធំ ៣ ដែលទទួលបានការផ្តល់ថវិកាពីលោកជំទាវឧកញ៉ា សៀង ចាន់ហេង ដូចជាគម្រោងស្ពានអាកាសថ្មើរជើងកាត់ផ្លូវជាតិលេខ ៤ ដែលមានតម្លៃប្រមាណ ៣៤ ម៉ឺនដុល្លារអាមេរិក អគារមន្ទីរពេទ្យកម្ពស់ ៥ ជាន់នៅខេត្តកំពង់ស្ពឺ ចំណាយអស់ជាង ៣០ ម៉ឺនដុល្លារ រួមទាំងផ្លូវបេតុងមួយខ្សែដែលមានតម្លៃជាង ៣៤ម៉ឺនដល្លារ ក៏ជាជំនួយឧបត្ថម្ភរបស់លោកជំទាវបណ្ឌិត សៀង ចាន់ហេង។
លោកបន្តថា សមទ្ធិផលធំៗទាំងនេះមិនរាប់បញ្ចូលការចំណាយផ្សេងៗបន្ថែម ដែលគិតរហូតមកដល់ពេលនេះខ្ទង់លានដុល្លារ៕