មនុស្សជាច្រើនតែងមានគោលបំណងចង់បើកអាជីវកម្មដោយខ្លួនឯង តែមិនមានបទពិសោធឬគោលជំហររឹងមាំនៅឡើយក្នុងការចាប់ផ្តើម។ ក្នុងន័យនេះ ថៅកែវ័យក្មេងម្នាក់បង្ហើបពីគន្លឹះមួយចំនួនដល់អ្នកដែលចង់បង្កើតមុខរបរផ្ទាល់ខ្លួនឆាប់ទទួលបានផ្លែផ្កា។

លើកឡើងក្នុងឱកាសចូលរួមក្នុងវេទិកាពិភាក្សាធុរកិច្ចលើប្រធានបទ« គន្លឹះកសាងផលិតផលល្អឯក និងតិចនិចអ្នកលក់ឆ្នើម» លោកជំទាវ ចុង ជីងម៉ី អគ្គនាយិកាក្រុមហ៊ុន លីហេងគ្រុប បានផ្ដល់អានុសាសន៍ខ្លីៗ៥ជំហានសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន រួមមាន៖
១. រៀនចេញទៅសង្គមខាងក្រៅឲ្យបានច្រើន៖ តែកាលណាមនុស្សអាចចេញដើរបានច្រើននោះ ឱកាសនៃការទទួលបានចំណេះដឹងមកអភិវឌ្ឍន៍ខ្លួនបានកាន់តែច្រើន។

២. ត្រូវមានភាពក្លាហាន៖ ហ៊ានឆ្ងល់ ហ៊ានសួរ និងហ៊ានបញ្ចេញមតិ លោកជំទាវសង្កត់ធ្ងន់ថាប្រសិនបើឆ្ងល់ហើយមិនហ៊ានសួរ នោះយើងនៅតែឆ្ងល់ ដល់ពេលយកអនុវត្តន៍ក៏ធ្វើទៅទាំងមិនច្បាស់លាស់។
៣. បង្កើនទំនាក់ទំនង៖ ត្រូវបង្កើនទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនឲ្យបានកាន់តែច្រើនគឺកាន់តែល្អ ជាពិសេសត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារនៅក្នុងអង្គភាពរបស់ខ្លួន លោកជំទាវបានបន្តថា ការបង្កើនបណ្ដាញនេះមិនពិបាកនោះទេកុំឲ្យតែយើងបិទជិតខ្លួនឯងមិនឲ្យមានទំនាក់ទំនងជាមួយអ្នកដទៃ។
៤. យកបទពិសោធន៍បរាជ័យមកធ្វើជាមេរៀន៖ បុគ្គលជោគជ័យតែងតែធ្លាប់បានឆ្លងកាត់នូវបរាជ័យរាប់មិនអស់ ត្រង់ណាបរាជ័យត្រូវចំណាំវាទុកហើយឈប់ដើរលើផ្លូវនោះទៀត និងគួរតែស្វែងរកវគ្គសិក្ខាសាលាដែលមានចែករំលែកបទពិសោធន៍ល្អៗឲ្យបានច្រើន។

៥. ចែករំលែកចំណេះដឹង៖ ពេលមានឱកាសទទួលបានចំណេះដឹង ត្រូវចេះចែករំលែកទៅមនុស្សជំវិញខ្លួនដើម្បីទទួលបានមេរៀនល្អៗទាំងអស់គ្នា និងត្រូវមានគុណធម៌ក្នុងខ្លួន ដឹងគុណដល់អ្នកដែលធ្លាប់បានជួយ ដូចជាឪពុកម្ដាយ មានចំណេះជាដើម។
លោកជំទាវ ចុង ជីងម៉ី ក៏បានផ្តល់ដំបូន្មានផងដែរថា៖ «មានឆន្ទៈ មានការតស៊ូព្យាយាម មិនខ្លាចនឿយហត់ ជាចំណុចចាប់ផ្ដើមដ៏សំខាន់»៕
