ប្រិយមិត្តអ្នកនិយមតាមដានពីជីវិឯកជនរបស់តារាចម្រៀង ព្រាប សុវត្ថិ ពិតជាបានដឹងហើយថា ភរិយាលោក គឺមានលក្ខណៈសម្បត្ដិល្អទាំងព្រម ហើយគេតែងតែឃើញភរិយារូបនោះបង្កើតភាពផ្អែមល្ហែម និងមានការគោរពស្រឡាញ់ចំពោះស្វាមី ក៏ដូចជាភាពផ្អែមល្ហែមចំពោះកូនៗនៅផ្ទះ។

ភរិយារបស់កំពូលតារាចម្រៀង តែងបង្ហាញវត្តមាននៅក្បែរស្វាមីជានិច្ច តាំងពីដើមរហូតមកដល់ពេលនេះ។ អ្នកស្រី ជាជំនួយការមិនអាចខ្វះបាន សម្រាប់កំពូលតារាចម្រៀង លោកឧកញ៉ា ព្រាប សុវត្ថិ ពោលគឺអ្នកស្រីតែងតែចូលរួមជាមួយស្វាមី នៅពីក្រោយឆាកក្នុងនាមជាអ្នករៀបចំសម្អិតសម្អាងដល់ស្វាមីទាំងមុខមាត់ និងការស្លៀកពាក់ ជាដើម។
ជាក់ស្ដែងថ្មីៗនេះ ក៏នៅតែឧត្តមភរិយារូបនេះដដែល ដែលបានទៅតាមសម្អិតសម្អាងដល់កំពូលតារាចម្រៀងលោកឧកញ៉ា ព្រាប សុវត្ថិ ក្នុងការចូលរួមថតបទចម្រៀងជាប្រវត្តិសាស្ត្រសម្រាប់អមព្រឹត្តិការណ៍ស៊ីហ្គេមរបស់ ផលិតកម្មGalaxy Navatra។ តាមរយៈវីដេអូឃ្លីបបញ្ចេញដោយតារាចម្រៀងរួមទ្រនំ គេឃើញ អ្នកនាងដើរអមស្វាមី ហើយរៀបចំសម្អិតសំអាងស្វាមី ដូចជាទម្លាក់សម្រុងដៃអាវ និងបត់កអាវជាដើម។
សកម្មភាពផ្អែមល្ហែម និងស្និទស្នាលក្នុងពេលថតនេះ បានធ្វើឲ្យអ្នកគាំទ្រដែលបានឃើញសកម្មភាពនេះច្រណែន និងលួចកោតសរសើរចំពោះទឹកចិត្ដរបស់ភរិយាកំពូលតារាចម្រៀង ព្រាប សុវត្ថិ។ មិនថាតែអ្នកគាំទ្រទេ សូម្បីតែតារាចម្រៀង តន់ ចន្ទសីម៉ា ក៏លួចច្រណែនគូស្នេហ៍តារាចម្រៀងរូបនេះដែរ ដោយកញ្ញា ពោលថា៖ “អៀនណាស់ពូៗ…អត់អាណិតអ្នកអត់ទាន់មានគូដូចជាខ្ញុំទេ”។
សូមបញ្ជាក់ថា ថ្មីៗនេះGalaxy Navtra បានផលិតបទចម្រៀងមួយបទសម្រាប់អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ជាលើកកំបូង ដែលកម្ពុជាធ្វើជាម្ចាសផ្ទះ ក្រោមចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ដែកជាស្នាដៃប្រវត្តិសាស្ត្រដ៏អស្ចារ្យដោយមាននារីរាំអមជិត ១ពាន់នាក់ អមកំពូលតារាចម្រៀង ៤ដួង គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។

តាមរយៈ វីដេអូខ្លីបង្ហាញពីសកម្មភាពនៃការថត MV បទថ្មីគឺបទ «ស្រលាញ់អ្វីដែលខ្មែរមាន»ដែលចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ ២០២៣នេះ ដែលបង្កើតបាននូវភាពរំភើបអស្ចារ្យសម្រាប់មហាជនខ្មែរជាមួយនឹងមោទនភាពយ៉ាងខ្លាំងផងដែរ ហើយមហាជនខ្មែរហាក់អន្ទះសារចង់ទស្សនាMVជាផ្លូវការឆាប់ៗ។
បើតាម អ្នកឧកញ៉ាម្ចាស់ផលិតកម្ម Galaxy Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀងទាំង ៤រូបនេះ របស់ផលិតកម្មហ្គាឡាក់ស៊ី ដែលបានបង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣។
ទោះបីជាយ៉ាងណា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតជា MV ទ្រង់ទ្រាយធំម្តងរួចមកហើយ ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត។ នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេចន៍បញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ៕


