បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានសិស្សសាលា ​ប៊ែលធី អន្តរជាតិ​ យកទៅហាត់រាំត្រៀមសម្រាប់ថ្ងៃចូលឆ្នាំថ្មី

កម្សាន្ត

បទចម្រៀងដ៏អស្ចារ្យ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានមហាជនជាច្រើន លាន់មាត់យ៉ាងភ្ញាក់ផ្អើលថា មិនត្រឹមតែមានអត្ថន័យល្អ ប៉ុណ្ណោះទេ ប៉ុន្តែបទចម្រៀងមួយបទនេះ ក៏បានរំលេចនូវរូបភាពវប្បធម៌ អរិយធម៌ល្អៗ របស់ខ្មែរជាច្រើនថែមទៀត។មិនត្រឹមតែទទួលបានការគាំទ្រខ្លាំងពីមហាជនប៉ុណ្ណោះទេ បច្ចុប្បន្នបទនេះ ក៏កំពុងក្លាយជាបទចម្រៀងដ៏ពេញនិយមផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង នៅមុននេះបន្តិច សិស្សានុសិស្សនៅសាលា ប៊ែលធី អន្តរជាតិ ជាច្រើនអ្នក ក៏បានជ្រើសរើស យក បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ដែលជាស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra ទៅហាត់រាំជុំគ្នា ដើម្បីត្រៀមសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។

តាមរយៈវីដេអូរបស់សិស្សសាលានេះ ក៏ទទួលបានការកោតសសើរពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពីសមត្ថភាពរាំរបស់ពួកគេ ថាមានភាពស្រស់ស្អាត និងរស់រវើកផងដែរ។

សកម្មភាពជ្រើសរើសយក បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ពីសំណាក់សិស្សានុសិស្ស ទៅសមត្រៀមចូលឆ្នាំថ្មី មិនមែនមានតែសាលាអន្តរជាតិ ប៊ែលធី អន្តរជាតិ នេះមួយប៉ុណ្ណោះទេ ពោលគឺគេសង្កេតឃើញថា មានសិស្សសាលាផ្សេងទៀត ដែលបានពេញចិត្តជ្រើសរើសយកបទចម្រៀងដ៏ផ្ទុះកក្រើកមួយបទនេះ ទៅរាំជាក្រុមនៅតាមសាលារៀនរបស់ពួកគេ។


ក្រៅពីសិស្សានុសិស្សយកចម្រៀងមួយបទនេះ ទៅហាត់ត្រៀមរាំចូលឆ្នាំហើយនោះ បទនេះ គេក៏សង្កេតឃើញមានបណ្តារអ្នកសិល្បៈជាច្រើនទៀតរាំតាមចង្វាក់បទនេះផងដែរ។ មិនតែប៉ុណ្ណោះ បទនេះ ក៏ត្រូវបានស្រ្តីជនជាតិថៃម្នាក់ យកទៅ Reaction និងសរសើរមិនដាច់ពីមាត់ ទាំងប្លង់ថត និងការបញ្ចូលជាមួយវប្បធម៌ ប្រពៃណី ក្បាច់គុណល្បុក្កតោ ក៏ដូចជាប្រាសាទនានា ដែលបង្ហាញពីអរិយ្យធម៌ដ៏មានតម្លៃរបស់ខ្មែរថែមទៀត ។

សូមរម្លឹកដែរថា នាប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីផលិតកម្ម Galaxy Navatra បានបញ្ចេញ trailer បទ«ស្រលាញ់អ្វីដែលខ្មែរមាន» រួចមក ឃើញថាបទចម្រៀងមួយបទនេះ គឺបានធ្វើឱ្យអ្នកទស្សនាព្រឺសម្បុរ ហើយពិតជាមានមោទកភាព ដែលកើតមកជាជនជាតិខ្មែរ ម្យ៉ាងវិញទៀតសមិទ្ធផលដ៏កម្រនេះ គឺជាសមិទ្ធផលរបស់យើងទាំងអស់គ្នា ដែលសិល្បៈរស់ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍ ។
បើតាមការឱ្យដឹងពីផលិតកម្ម Galaxy Navatra ធ្លាប់បានឱ្យដឹងថា បទនេះ ផលិតឡើងក្នុងគោល បំណង អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជាជាម្ចាស់ផ្ទះបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra ដែលមានកំពូលតារាចម្រៀង ៤ ដួង ច្រៀងរួមគ្នា គឺកំពូល​ តារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា ៕ អត្ថបទ៖ ពិសី