បទ”ស្នេហាក្រឡាប់ចាក់” បទចម្រៀងថ្មីរបស់កញ្ញា តន់ ច័ន្ទសីម៉ា ដែលនិពន្ធ Melody និងទំនុកច្រៀងដោយលោក ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានចេញFull MVផ្លូវការហើយ ម្ចាស់បទបានដាក់ក្ដីរំពឹងថា បទចម្រៀងមួយបទនេះអាចនឹងផ្ទុះដូចបទ”ឡានសារ៉េន” ត្បិតអី គ្រាន់តែចេញភ្លាម មានអ្នកទស្សនារាប់លាន់ដងទៅហើយ។
ពេលស្រឡាញ់ថារៀបការ ពេលសាវាទើបដឹងថាស្នេហាក្រឡាប់ចាក់” នេះ គឺជាឃ្លាមួយនៅក្នុងបទចម្រៀងទើបចេញថ្មីរបស់កញ្ញា តន់ ច័ន្ទសីម៉ា ដោយបទចម្រៀងមួយបទនេះ កំពុងតែវាយលុយខ្លាំងលើបណ្ដាញសង្គម ដូចជា Tik Tok YouTube Facebook ជាដើម។

ខ្លឹមសារនៃបទចម្រៀងមួយបទនេះ បានហែកអស់កេរ្តិ៍អ្នកចូលចិត្តបង្ហួតសម្ភារៈល្អៗដាក់គ្នា ហើយចុងក្រោយជួបនឹងរឿងស្នេហាបែកបាក់ដែលយុវវ័យក្នុងសង្គមខ្មែរបច្ចុប្បន្នមួយចំនួនក៏ធ្លាប់ឆ្លងកាត់ដែរ។ អ្វីដែលជាចំណុចទាក់ទាញនោះ សាច់ភ្លេងក្នុងបទចម្រៀង អ្នកនិពន្ធ បានដាក់បញ្ចូលនូវភ្លេងបុរាណខ្មែរដូចជាឧបករណ៍រនៀត និងទ្រជាដើម អមដោយក្បាច់រាំពុតពេនប្លែកភ្នែក ឡង់សេ រថយន្តទំនើបយ៉ាងស៊ីវល័យ។

មុនការចេញFull MVផ្លូវការបទចម្រៀង “ស្នេហាក្រឡាប់ចាក់”នេះ ក៏ត្រូវបានក្រុមរាំ Inner ដ៏ល្បីមួយក្នុងចង្កោមយុវវ័យរបស់ថៃ យកទៅរាំ Cover ផងដែរ ហើយមានទស្សនារាប់លានដង ដែលចំណុចនេះ បានជំរុញបទចម្រៀងមួយបទនេះ កាន់តែមានប្រជាប្រិយភាពកានតែខ្លាំង។
តាមសន្ទុះនៃការទស្សនាលើ YouTube Facebook ក៏ដូចជា អ្នកយកទៅ Coverលើ Tik Tok មហាជន បានដាក់ក្ដីរំពឹងថា “ស្នេហាក្រឡាប់ចាក់” អាចសាងប្រវត្តិសាស្ត្រមួយទៀតនៃបទចម្រៀងរបស់ខ្មែរ ពោលគឺវានឹងផ្ទុះដូចបទ”ឡានសារ៉េន” ដែលនៅតែជាការពេញនិយមនាពេលបច្ចុប្បន្ននេះ៕