កំណត់ត្រាថ្មី! ត្រឹម ២៤ម៉ោង MV បទ “ស្រឡាញ់អ្វីដែលខ្មែរមាន” មានអ្នកទស្សនាជាង ៩លានដង

កម្សាន្ត

គិតត្រឹមម៉ោង ៣រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ MV បទ “ស្រឡាញ់អ្វីដែលខ្មែរមាន” របស់ផលិតកម្ម Galaxy Navatra មានឈ្មោះថា Cam-Pop Galaxy Navatra រយៈពេល ២៤ម៉ោង មានអ្នកចូលទស្សនាលើ Youtube រហូតដល់ជាង ៩លានដង។ អាចនិយាយបានថា ចំនួនអ្នកចុចមើលដ៏ច្រើនលើសលប់ នេះកម្រមានបទចម្រៀងណា កើនអ្នកតាមដានដូច្នេះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទចម្រៀង MV ផលិតជាប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះពិតជាគួរឱ្យស្ងើចសរសើរមែន និងល្បីល្បាញសុសសាយមែន។ ចម្រៀងមួយបទនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពាសពេញបណ្ដាញសង្គម មិនថា នៅក្នុងស្រុក ឬនៅបរទេសនោះទេ។ សូម្បីតែ នៅលើប្រព័ន្ធផ្សព្វផ្សាយនៃបណ្តាប្រទេសអាស៊ាន ទាំង ១០ និងនៅតាមបណ្ដាប្រទេសផ្សេងៗទៀត លើពិភពលោក ក៏ល្បីល្បាញបទ “ស្រឡាញ់អ្វីដែលខ្មែរមាន” នេះដែរ។

បទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ឬជាភាសាអង់គ្លេស Cambodian Pride នេះ គឺជាការផ្សព្វផ្សាយតំបន់ទេសចរណ៍ ការអភិវឌ្ឍន៍ និងភាព រីកចម្រើនរបស់កម្ពុជា ក៏ដូចជាការថែរក្សាសិល្បៈវប្បធម៌ បេតិកភណ្ឌជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។

សមិទ្ធផលដ៏អស្ចារ្យនេះ គឺបានកើតឡើងដោយការសាមគ្គីរួបរួមគ្នាដ៏ធំមួយ ដែលមានការចូល រួមគ្រប់គ្រងការផលិតដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្មផ្ទាល់តែម្តង ហើយក៏ជាសហនិពន្ធ Melody និងទំនុកច្រៀងដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា, លោក សុខ ជំនោរ, លោក ខាំ ភូរិ, ឯកឧត្តម ហ៊ឹម នភា, ឧកញ៉ា យឹម តាស្រង់ និងឯកឧត្តម ខេមរៈ ភារុណ ។

បទចម្រៀងមួយបទនេះ ត្រូវបានបកស្រាយរួមគ្នាពីកំពូលតារាចម្រៀង ៤ដួង គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ដោយមាននារីរាំអមជិត ១ពាន់នាក់អម។

ចំពោះជំនួយការផលិតរួមមាន ឯកឧត្តម ជា លីសែ, លោកស្រី យឹម សុជាតា, លោក ហុង រស្មី, លោក សាក់ ធារិទ្ធ និងលោក ឃួន សិទ្ធិស័ក្តិ ។ អ្នកនិពន្ធបទភ្លេងរួមមាន ៖ ឈិត តេងរិទ្ធ, ផ្គុំបទភ្លេង ដោយ Tempo tris, Mixing ដោយ ណុំ ចាន់រតនៈ, Mastering ដោយ NUMAN ហើយដឹកនាំសម្តែងដោយ Jeudy-Rawyer & Jonathan ព្រមទាំងចូលរួមពីគ្រប់ផ្នែកសំខាន់ៗជាច្រើនទៀត។

សូមបញ្ជាក់ផងដែរថា បទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” ត្រូវបានបង្ហោះលើផេកផ្លូការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងផេកឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងផេកតាមបណ្តាក្រសួង ស្ថាប័នជាច្រើនទៀត។ ក្រៅពីនេះ ក៏មានគេហទំព័របរទេសល្បីៗ និង YouTubers យកទៅ Reaction កោតសរសើរ MV ដែលបង្ហាញភាពការអភិវឌ្ឍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភាពអស្ចារ្យរបស់កម្ពុជាផងដែរ៕