នៅថ្ងៃអាទិត្យទី១៦ ខែមេសានេះ គឺជាថ្ងៃសង្រ្កាន្តថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ។ ក្នុងពិធីបុណ្យប្រពៃណីជាតិនេះកម្ពុជានៅទូទាំងប្រទេសបានរៀបចំកម្មវិធីតាមបវេណី វប្បធម៌ ទំនៀមទម្លាប់ សាសនា ហើយក៏លេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកំសាន្តតាមភូមិស្រុករៀងៗខ្លួន។

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កូនប្រុសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងកូនប្រុសអ្នកឧកញ៉ា សំ អាង ម្ចាស់ក្រុមហ៊ុន វឌ្ឍនៈ គ្រុប អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានអញ្ជើញចូលរួមសង្ក្រាន្តខេត្តបាត់ដំបងផងដែរ កាលពីថ្ងៃទី២ ថ្ងៃសៅរ៍ម្សិលមិញ។

ក្នុងសង្រ្កាន្តខេត្តបាត់ដំបង ដែលសហការរៀបចំពីរដ្ឋបាលខេត្តបាត់ដំបងជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងវិស័យឯកជន លោក ស រដ្ឋា និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានលេងបាញ់ទឹក និងបាត់ម្សៅ ព្រមទាំងរាំលេងកម្សាន្តថែមទៀតជាមួយបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៧០ម៉ឺននាក់ បានមកលេងខេត្តបាត់ដំបង នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសង្រ្កាន្តបាត់ដំបង ដែលបានរៀបចំឡើងនៅខាងក្រោយរូបសំណាកលោកតាដំបងក្រញូង សង្កាត់រតនៈ និងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មន្ទីរទេសចរណ៍ដដែលបញ្ជាក់ថា ភ្ញៀវទេសចរ ដែលបានចូលទៅកាន់តំបន់ត្រជាក់ចិត្ត មានចំនួន ២០២,៨៨៨នាក់ ហើយភ្ញៀវទៅទស្សនានៅក្នុងទីតាំងសង្រ្កាន្ត តំបន់តាំងពិព័រណ៍ពាណិជ្ជកម្ម និងតំបន់ផ្សេងៗទៀត សរុបចំនួន ៣១២,២០៩នាក់ផងដែរ៕










