ពិតជាគួរឱ្យស្ងើចសរសើរខ្លាំងមែនទែន! បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» «Cambodian Pride» ដែលបង្ហាញពីមោទនភាពកម្ពុជា ភ្ជាប់ជាមួយការភិវឌ្ឍន៍ ទេសចរណ៍ វប្បធម៌ និងដួងព្រលឹងខ្មែរ មានអ្នកចូលទស្សនាដ៏ច្រើនបំផុតមិនធ្លាប់មានរហូតដល់ទៅជាង 19M ត្រឹមតែរយៈពេល ១ថ្ងៃប៉ុណ្ណោះ ។

បទចម្រៀង MV ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនាក្នុងបណ្តាប្រទេសអាស៊ាននេះ ត្រូវបានផលិតដោយផលិតកម្ម Galaxy Navatra ជាផលិតកម្មដ៏ធំល្បីល្បាញឈានមុខគេនៅក្នុងប្រទេសកម្ពុជា ក្រោយមានការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្ម បានចុះដឹកនាំដោយផ្ទាល់ផលិតបទចម្រៀង MV «Cambodian Pride» ហើយក៏ជាសហនិពន្ធ Melody និងទំនុកច្រៀង ផងដែរ ជាមួយនឹងអ្នកនិពន្ធឆ្នើម៤រូប គឺលោក សុខ ជំនោរ, លោក ខាំ ភូរិ, ឯកឧត្តម ហ៊ឹម នភា, ឧកញ៉ា យឹម តាស្រង់ និងឯកឧត្តម ខេមរៈ ភារុណ។

បទ«Cambodian Pride» ច្រៀងដោយកំពូលតារាចម្រៀងល្បីៗបំផុតប្រចាំប្រទេសកម្ពុជា ហើយកាន់ពិសេសទៀតនោះកំពូលតារាចម្រៀងទាំងនោះបានចាប់ដៃគ្នាក្នុងបទ MV តែមួយ គឺកំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ, កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត, កំពូលតារាចម្រៀង ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា។
អ្វីដែលជាការកត់សំគាល បទ «ស្រឡាញ់ អ្វីដែលខ្មែរមាន»បានធ្វើឱ្យថ្នាក់ដឹកនាំជាច្រើនក្នុងប្រទេសកម្ពុជា មានការស្ងប់ស្ងែងកោតសរសើរ ហើយចែករំលែកជាបន្តបន្ទាប់ ជំរុញកាផ្សព្វផ្សាយឲ្យទូលំទូលាយទៅកាន់មហាជនទាំងក្នុងនិងក្រៅប្រទេស។ ក្រៅពីនេះក៏មានអ្នកក្នុង និងក្រៅស្រុកបានយកបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ច្រៀងត្រាប់ និងរាំតាម ជាពិសេសផ្ទុះខ្លាំងនៅក្នុងបណ្តាញ សង្គម Tik Tok។ លើសពីនេះមានទាំងខ្មែរ និង បរទេសបានយកបទនេះទៅ reaction សរសើរទៅលើការផលិត រហូតមានការចុះផ្សាយនៅ លើសារព័ត៌មានបរទេសថែមទៀត។
សូមជម្រាបជូនថា ផលិតកម្ម Galaxy Navatra ជាផលិតកម្មកម្សាន្តមួយដែលគេមើលឃើញថា ជាផលិតកម្មបែបឌីជីថលឈានមុខគេនាពេលបច្ចុប្បន្ន ខណៈដែល Galaxy Navatra មួយរយៈចុងក្រោយនេះកំពុងឡើងកូដខ្លាំងក្តោបដំណែងផលិតកម្មយក្សល្បីល្បាញ ប្រមូលដោយកំពូលតារាចម្រៀងល្បីៗ កំពុងមានប្រជាប្រិយភាព។ លើសពីនេះ Galaxy Navatra ក៏ជាផលិតកម្មដែលបោះជំហានឈានជើងចូលប្រឡូកក្នុងទីផ្សារអន្តរជាតិ ខណៈផលិតកម្មមួយកន្លងទៅចុះកុងត្រាលក់សិទ្ធិបទមច្រើន Are you okay ទៅផលិតកម្មនៅប្រទេសចិនទៀតផង៕