តារាចម្រៀងចាស់វស្សា ម៉េង កែវពេជ្ជតា រងបណ្ដឹងពីប្អូនស្រីបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន គឺលោកជំទាវ ហ៊ុន ស៊ីណាត។ ក្នុងពាក្យបណ្ដឹង លោកជំទាវ បានចោទអ្នកនាង ម៉េង កែវពេជ្រចិន្ដា និងគូកនថាបានបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើងលើលោកជំទាវកាលពីពេលកន្លងទៅថ្មីៗនេះ។

នៅក្នុងពាក្យបណ្ដឹងដែលលោកជំទាវ ហ៊ុន ស៊ីណាត ដែលបានដាក់ចូលសាលាដំបូងរាជធានី ភ្នំពេញនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ បានរៀបរាប់ថា តារាចម្រៀងម៉េង ម៉េងកែវពេជ្ជតា បាននិយាយនូវពាក្យសម្ដីធ្ងន់ៗតាមហ្វេសប៊ុក Live នូវរឿងមួយដែលទាក់ទងដល់ឈ្មោះរបស់លោកជំទាវ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០។ ដូច្នេះហើយ ទើបលោកជំទាវ ហ៊ុន ស៊ីណាត បានសម្រេចប្ដឹងសុំឲ្យតុលាការផ្ដន្ទាទោស អ្នកនាង ម៉េង កែវពេជ្ជតា តាមផ្លូវច្បាប់ ហើយក៏ទាមទារសំណងជំងឺចិត្ដតាមផ្លូវច្បាប់ផងដែរ។

តាមការវាយត្រាបញ្ជាក់លើពាក្យបណ្ដឹង បានឲ្យដឹងថា បណ្ដឹងនេះបានចូលដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង ៩ និង ២៥នាទីព្រឹក។ យ៉ាងណា មិនទាន់ឃើញអ្នកនាង ម៉េង កែវពេជ្ជតា មានប្រតិកម្មយ៉ាងណានៅឡើយ។
ក្នុងរយៈពេលចុងក្រោយនេះ តារាចម្រៀង ម៉េង កែវពេជ្ជតា ត្រូវបានគេមើលឃើញថា រងនូវការរិះគន់ផង និងគាំទ្រផង ក្រោយពីនាង បានLive ហ្វេសប៊ុក បរិយាយជាបន្ដបន្ទាប់ទាក់ទងនឹងសកម្មភាពសិល្បៈ និងកេរ្តិ៍ឈ្មោះរបស់អ្នកនាងនៅក្នុងសង្គម។ ថ្មីៗនេះៗ តារាចម្រៀងរូបនេះទើបតែទទួលរងនៅពាក្យបណ្ដឹងពីស្ត្រីម្នាក់ឈ្មោះ រស់ សោភ័ណ្ឌដែលគេសង្ស័យថា ជាភរិយាអតីតស្វាមីនាង ដោយប្ដឹងអ្នកនាងពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងសម្លុតកុំឲ្យដាក់ពាក្យបណ្តឹងតាមបណ្ដាញសង្គមFacebook ផងដែរ ហើយបណ្ដឹងនោះនៅមិនទាន់ដឹងថា បានដោះស្រាយនៅឡើយនោះទេ៕


