ក្រសួងទេសចរណ៍ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមេសានេះថា នៅថ្ងៃទី១ នៃបុណ្យចូលឆ្នាំប្រពៃណីជាតិត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានីខេត្ត មានភ្ញៀវទេសចរដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេសសរុបចំនួន ២.០៩៨.៥០១ នាក់ ក្នុងនោះភ្ញៀវជាតិ ២.០៧៩.៦៧០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៨.៨៣១ នាក់។

បើតាមក្រសួងទេសចរណ៍គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ − ខេត្តសៀមរាប ៤៣៦.៦៧៩ នាក់ − ខេត្តបាត់ដំបង ៣០៥.៦១៥ នាក់ − រាជធានីភ្នំពេញ ២៦៣.៥៤៩ នាក់ − ខេត្តស្វាយរៀង ១៤៤.៧៧៨ នាក់ − ខេត្តកណ្តាល ១២៨.៦៩១ នាក់ − ខេត្តបន្ទាយមានជ័យ ១០៨.៥១៤ នាក់ − ខេត្តកំពង់ឆ្នាំង ១០៣.៧៨៤ នាក់ − ខេត្តព្រះសីហនុ ១០២.០៩៦ នាក់ − ខេត្តកំពត ៩៥,៣៤៤ នាក់។
ក្រសួងទេសចរណ៍បានកត់សម្គាល់ថា ចរន្តនៃការដើរកម្សាន្តនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី១ឆ្នាំ២០២៣នេះ មានសភាពផុសផុលខ្លាំងធៀបនឹងថ្ងៃចូលឆ្នាំទី១កាលពីឆ្នាំ២០២២។ ជាក់ស្តែង តួលេខខាងលើ មានការកើនឡើងប្រមាណ ១៤៣,១៩% ធៀបនឹងថ្ងៃចូលឆ្នាំទី១ ឆ្នាំ២០២២ ដែលភ្ញៀវសរុបមានត្រឹមតែប្រមាណ ៨៦ ម៉ឺននាក់ប៉ុណ្ណោះ។

ដោយឡែក ស្ថិតិខាងលើ គឺរាប់តែចំនួនភ្ញៀវទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋាន នីងគោលដៅទេសចរណ៍ និងចំនួនភ្ញៀវ និងបងប្អូនប្រជាពលរដ្ឋដែលទៅកម្សាន្តនៅតាមកន្លែងសំខាន់ៗប្រារព្វសង្រ្កាន្តតែប៉ុណ្ណោះ ដោយមិនបានគិតដល់ចំនួនបងប្អូនប្រជាពលរដ្ឋជាច្រើនផ្សេងទៀតដែលលេងកម្សាន្តនៅតាមភូមិស្រុក ឬកម្មវិធីសង្រ្កាន្តជាលក្ខណៈឯកជន ឬក្នុងទ្រង់ទ្រាយតូច។
ក្រៅតែពីការដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍ និងកម្មវិធីសង្រ្កាន្ត ក្រសួងទេសចរណ៍ក៏សង្កេតឃើញបងប្អូនប្រជាពលរដ្ឋនៅតាមភូមិស្រុកនានា ទាំងក្មេងៗ យុវជន និងពុកម៉ែមាមីង បាននាំគ្នាជួបជុំលេងល្បែងកម្សាន្ត ច្រៀងរាំសប្បាយ និងលេងល្បែងប្រជាប្រិយនានា។ ខ្លះជិះម៉ូតូ ខ្លះជិះតាមរថយន្តដោយមានដាក់ធុងទឹក និង លេងកំាភ្លើងបាញ់ទឹក ប៉ាតផ្សៅ ធ្វើដំណើរចេញពីភូមិស្រុកមួយទៅមួយដោយក្តីរីករាយ។
ជារួម សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មិនមានបញ្ហាធំដុំណាមួយកើតឡើងទេនៅថ្ងៃចូលឆ្នាំទី១នេះ ហើយចរន្តភ្ញៀវត្រូវបានរំពឹងថានឹងមានសភាពកាន់តែផុសផុសនាថ្ងៃទី២នេះ ដោយសារបងប្អូនប្រជាពលរដ្ឋមួយចំនួននៅចាំទទួលទេវតាកាលពីរសៀលថ្ងៃម្សិលមុិញ៕




