ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តសៀមរាបឈរលើកំពូលតារាមានអ្នកទេសចរច្រើនជាងគេនៅទូទាំងប្រទេស ពោលគឺប្រមាណជាង២លាននាក់ចូលមកកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងនោះអ្នកទេសចរណបរទេសមានជាង ១ម៉ឺននាក់។

ផ្អែកតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២៣ ជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានភ្ញៀវទេសចរជាតិ-អន្តរជាតិដើរកម្សាន្តមានចំនួនប្រមាណ ២.១២០.៣៧៣នាក់ ក្នុងនោះទេសចរជាតិ មានចំនួនប្រមាណ ២.១០៧.០០០ នាក់។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលព្រឹកថ្ងៃចន្ទ ទី១៧ ខែមេសានេះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន បានលើកឡើងថា អង្គរសង្រ្កាន្តរយៈពេល ០៣ថ្ងៃ បានបញ្ចប់ទៅប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានបន្សល់ទុកនូវស្នាមញញឹមរាប់មិនអស់ពីសំណាជនរួមជាតិខ្មែរ ដែលអញ្ជើញមកពីគ្រប់ទិសទី។ លោកសរសេរយ៉ាងដូច្នេះថា «ក្រលេកទៅមើល ១០ឆ្នាំមុន ធ្វើឱ្យខ្ញុំនឹកដល់ជំហានដំបូងនៃការចាប់ផ្តើមការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ១០ឆ្នាំមកនេះ យើងបានបង្កើតចំណងមិត្តភាព ភាតរភាព និងសាមគ្គីភាពយ៉ាងរឹងមាំ ហើយចេញពីអង្គរសង្រ្កាន្ត យើងបានបង្កើតសមិទ្ធផលជាច្រើនផ្សេងទៀតរួមគ្នា»។

លោកបន្តថា ក្នុងនាមក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា លោកសូមគោរពថ្លែងអំណរគុណយ៉ាងខ្ពស់ខ្ពស់បំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ និងផ្តល់ភាពកក់ក្តៅដល់ក្រុមការងាររៀបចំ តាមរយៈការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើក ក៏ដូចជាចូលរួមទស្សនាតាមកម្មវិធីនានាជាច្រើន។ លោកបន្ថែមទៀតថា «សារជាថ្មីម្តងទៀត ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងជំងឺឆ្លងរាលដាល កូវីដ-១៩ ប្រកបដោយជោគជ័យទើបយើងអាចមានឱកាសរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានដោយជោគជ័យ»។

បន្ថែមពីនេះ លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណតជូនចំពោះគ្រប់កោសិកាទាំងអស់ ដែលបានធ្វើឱ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខួប ១០ឆ្នាំ អាចកើតមានឡើងបាន ដូចជាក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ រដ្ឋបាលខេត្ត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនីស្ម័គ្រចិត្ត វិស័យឯកជន ដៃគូឧបត្ថម្ភ សហគ្រិន អាជីវករទាំងអស់ដែលបានសហការគាំទ្រ និងជាពិសេស ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋខេត្តសៀមរាបដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងអង្គរសង្រ្កាន្ត។
លើសពីនេះ លោកក៏សូមអរគុណដល់ក្រុមគ្រួសារយុវជនស្ម័គ្រចិត្តគ្រប់ក្រុម សមត្ថកិច្ច ក្រុមគ្រូពេទ្យ ក្រុមអ្នកអនាម័យ ក្រុមបច្ចេកទេស ដែលជាអ្នកអនុវត្តផ្ទាល់ក្នុងការងារធានានូវដំណើរការរបស់អង្គរសង្រ្កាន្ត។ ជាមួយគ្នានោះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា អ្នកទាំងអស់គ្នានេះហើយ គឺជាមូលហេតុនៃស្នាមញញឹមរាប់លានក្នុងរយៈពេល ៣ថ្ងៃនេះ៕


