មិនធ្លាប់មាន! រយៈពេល៣ថ្ងៃកម្ពុជាទទួលបានទេសចរសរុបជាង ១៣លាននាក់ នៃបុណ្យចូលឆ្នាំប្រពៃណីជាតិ

កម្សាន្ត

ក្រសួងទេសចរណ៍ បានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់ ក្នុងនោះ៖ ភ្ញៀវជាតិ ១៣.១៣២.០៨០ នាក់ និងភ្ញៀវអន្តរជាតិ ៥៥.៦៩១ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងទេសចរណ៍នៅរសៀលថ្ងៃចន្ទ ទី១៧ ខែមេសានេះ បានបង្ហាញតួលេខប្រចាំថ្ងៃនៃចំនួនភ្ញៀវទេសចរ ក្នុងនោះកាលថ្ងៃទី១៤ ភ្ញៀវមានចំនួន ២.០៩៨.៥០១ នាក់ ថ្ងៃទី១៥ ភ្ញៀវមានចំនួន ៤.២៣៧.៧៨០ នាក់ និងថ្ងៃទី១៦ ភ្ញៀវមានចំនួន ៦.៨៥១.៤៩០ នាក់។

សម្រាប់គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ រួមមាន៖ ខេត្តសៀមរាប ២.១២០.៣៧៣ នាក់ ខេត្តបាត់ដំបង ១.៥០០.១៦៨ នាក់ ខេត្តកំពង់ចាម ១.៤០៨.៨១១ នាក់ រាធានីភ្នំពេញ ១.០៨០.៥០៩ នាក់ ខេត្តព្រះសីហនុ ៨៨៧.៨៩៣ នាក់ ខេត្តកំពត ៨៧០.៣៩៩ នាក់​ ខេត្តស្វាយរៀង ៧៦០.៣៩៩ នាក់ ខេត្តកំពង់ឆ្នាំង ៧៣៩.១៥៩ នាក់ ខេត្តបន្ទាយមានជ័យ ៦៥០.០១៣ នាក់ និងខេត្តកំពង់ស្ពឺ ៥១២.៨៩៨ នាក់។

ក្រសួងទេសចរណ៍ បានកត់សម្គាល់ឃើញថា ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ១៣ លាននាក់ ក្នុងរយៈពេល៣ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសលុបលើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត។ យ៉ាងណា ចំនូនភ្ញៀវទាំងជាង ១៣លាននាក់នេះ គឺរដ្ឋបាលរាជធានី ខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។

ជារួម ក្រសួងទេសចរណ៍កម្ពុជា អាចវាយតំលៃបានថា ចរន្តភ្ញៀវដ៏ច្រើនកុះករមិនធ្លាប់មានក្នុងឱកាសចូលឆ្នាំនេះ គឺបានមកពីការជឿជាក់លើភាពស៊ាំសហគមន៍ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំព្រឹត្តិការណ៍កម្សាន្តដ៏សំបូរបែប ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការធានាបាននូវសុខសន្តិភាពពេញលេញដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋដើរកម្សាន្តបានទូទាំងប្រទេស៕