ទូរទស្សន៍ភីអិនអិន នឹងធ្វើកម្មវិធី«ជជែកតារា»ពុំធ្លាប់មានមួយ នៅថ្ងៃពុធស្អែកនេះ ជុំវិញការផលិតភាពយន្តភាគជីវិតពិតដ៏ល្អពិសេស ក្នុងអត្ថន័យលើកកំពស់សីលធម៌រស់នៅ កែលំអរផ្នត់គំនិតនិងផ្លាស់ប្តូរទស្សនៈអំពីស្នេហា មនោសញ្ចេតនា ក្នុងចំណោមយុវនារីនាពេលបច្ចុប្បន្ន។
កម្មវិធី«ជជែកតារា» នេះជាផ្នែកមួយនៃយុទ្ធការផ្សព្វផ្សាយសាចរឿងទូរទស្សន៍ចំនួន៤០ភាគគត់ដែលមានចំណងជើងថា«អ្នកទីបី»។ តារាល្បីៗរួមមាន កញ្ញា. ស៊ឹម ស្រីមុំ លោក. លឹម ជាឡាយ លោក ភុល សុវណ្ណដានី កញ្ញា. សាយ ចាន់រាសី កញ្ញា. សួង ស៊ីធឿននិងមានវត្តមាននៅក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ។
មានតែអ្នកសារព័ត៌មានដែលទទួលបានការអញ្ជើញប៉ុណ្ណោះដែលនឹងចូលរួមជាមួយយុទ្ធនាការដែលមានឈ្មោះថា «ជជែកតារា»ក្រោយប្រធានបទ ពី«អារម្មណ៍ពិត មកជាការសម្តែង »។
កញ្ញា ទូច បុប្ផាអ្នកគ្រប់គ្រងកម្មវិធីផ្សាយរបស់ទូរទស្សន៍ភីអិនអិនក៏ជាអ្នកដែលចូលរួមយ៉ាងសកម្មក្នុងការលើកកំពស់ទីផ្សារភាពយន្តខ្មែរនៅកម្ពុជាបានឱ្យដឹងថា នេះជារឿងភាគដែលសរសេរចេញពីជីវិតពិតក្នុងសង្គមជាក់ស្តែង ក៏ជារឿងដំបូងដែលវាយលុកចំៗទៅនឹងផ្នត់គំនិតរបស់យុវវ័យភ្លើតភ្លើនមួយចំនួនឱ្យមើលឃើញច្បាស់អំពី លទ្ធផលនៃការធ្វេសប្រហែស មាក់ងាយស្ថានការណ៍និងការទុកចិត្តខ្លួនជ្រុលពេក ជាហេតុបណ្តាលឱ្យអំពើអនាចារ្សនានាមករួមរឹតជីវិតបាន បង្កជាកំហុសពិបាកបកក្រោយ។
កញ្ញាបន្ថែមថា ភាពយន្តភាគ រឿង «អ្នកទីបី»ក្រៅតែពីលាតត្រដាងអំពី ស្ថានភាពផុយស្រួយនៃតួនាទីនិងកិត្តិនាមក្នុងវិស័យសិល្បៈទំនើប ថែមទាំងបង្ហាញអំពីចរិតលក្ខណៈនៃបុគ្គល(តួអង្គ)ម្នាក់ៗដែលនឹងធ្វើឱ្យជីវិតខ្លួនត្រូវលិចលង់ ឬថ្កុំថ្កើងបាន ព្រោះតែការជ្រើសរើសគោលដៅជីវិតរៀងៗខ្លួន។
កញ្ញា ស៊ឹម ស្រីមុំ តារាសម្តែងដ៏មានរូបឆោមលោមពណ៌ត្រូវបានគេជ្រើសរើសមកជាតួអង្គឯកក្នុងភាពយន្តភាគដែលនឹងចាក់ផ្សាយចេញក្នុងពេលឆាប់ៗខាងមុខនេះ។
នេះជាសេណារីយោស្នាដៃរបស់អ្នកនិពន្ធ ឆាយសុមាលី ដែលមានទឹកដៃល្អនិងល្បីឈ្មោះផ្នែកខ្សែរឿងទូរទស្សន៍ជាច្រើនមកហើយនិងត្រូវបានដឹកនាំផលិតដោយលោក លៀក លីណា ដឹកនាំរឿងដោយលោក អៀ ស៊ីណានិងលោកមង្គល ។