ស៊ីហ្គេមសម្រេចយកបទ “ស្រឡាញ់អ្វីដែលខ្មែរមាន” សម្ដែងឈុតធំជាផ្លូវការណ៍អ្នកសម្ដែងអាចដល់ឈានដល់ជាង ១,០០០នាក់ ជូនថ្នាក់ដឹកនាំអាស៊ានទស្សនា ក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម

កម្សាន្ត

បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ CAMBODIAN PRIDE  ត្រៀមឈុតធំអ្នករាំជាង ១,០០០នាក់ ក្នុងកម្មវិធីបិទរបស់ផលិតកម្ម Galaxy Navatra ដែលជា បទចម្រៀងមួយមានអ្នកទស្សនាច្រើនជាងគេ មិនធ្លាប់មាននៅកម្ពុជា ត្រូវបានគណៈកម្មការ រៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកទៅច្រៀងបទការប្រកួត ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយផលិតកម្ម Galaxy Navatra បានកំពុងតែធ្វើការជាមួយគ្នាយ៉ាងញាប់ដៃញាប់ជើង ដើម្បីធ្វើ កិច្ចការងារនេះឲ្យល្អប្រសើរបំផុត ។ ក្រុម អ្នករាំខ្ទង់ ១០០០នាក់ ដែលសុទ្ធតែជាស្ត្រី ស្លៀកសំលៀកបំពាក់ខ្វាស៊េដែលបានថតក្នុងMV មិនត្រូវយកមកប្រើឡើយ ពោលដើម្បីឲ្យត្រូវទម្រង់វប្បធម៌ជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ  ជ្រើសរើសក្រុមអ្នកជំនាញរាំមកពីសិស្សសាលាវិចិត្រសិល្បៈ រៀមច្បមបង្ហាត់រាំឲ្យកាន់តែស្ទាត់ជំនាញ ជាមួយការគ្រងសំលៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត។ 

ទាក់ទងនឹងការចំណាយលើការងារ ហាត់សម និងសំលៀកបំពាក់ នៃបទចម្រៀង មួយបទនេះ ត្រូវបានគេដឹងថា គ្រោងចំណាយថវិកាយ៉ាងច្រើន ។ ដើម្បីបុព្វហេតុជាតិ មាតុភូមិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផលិតកម្ម Galaxy Navatra  បានរៀបចំផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការចុះដឹកនាំផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ”CAMBODIAN PRIDE”    បានធ្វើការផ្សព្វផ្សាយតំបន់ទេសចរណ៍ ការអភិវឌ្ឍន៍ និងភាព រីកចម្រើនរបស់កម្ពុជា ក៏ដូចជាការថែរក្សាសិល្បៈវប្បធម៌ បេតិកភណ្ឌជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

កំពូលតារា ៤ដួង ត្រូវបានជ្រើសរើសឲ្យច្រៀងបទចម្រៀងនេះ រួមមានកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា។ បទចម្រៀងមួយបទនេះ និពន្ធដោយអ្នកនិពន្ធល្បីៗ មានដូចជា លោក សុខ ជំនោរ -លោក ខាំ ភូរិ -ឯកឧត្តម ហ៊ឹម នភា -ឧកញ៉ា យឹម តាស្រង់ និង ឯកឧត្តម ខេមរៈ ភារុណ។

ជាមួយនឹងស្នាដៃធំអស្ចារ្យមួយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរជាខ្លាំង ចំពោះការផលិតបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» របស់ផលិតកម្មហ្គាឡាក់ស៊ី របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាផងដែរ។  មហាជនក៏ដូចជាថ្នាក់ដឹកនាំគ្រប់ស្ថាប័នក្រសួងនានា ពិសេសេ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានចេញលិខិតថ្លែងអំណរគុណ និង កោតសរសើរ

ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ព្រមទាំងអ្នកនិពន្ធ សិល្បករ សិល្បការិនី និងក្រុមការងារទាំងអស់ ដែលបានចូលរួមផលិតបទចម្រៀង”ស្រឡាញ់អ្វីដែលខ្មែរមាន” ឬ (Cambodian Pride) ។ 

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចាត់ទុកថា ការផលិតបទចម្រៀង បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ (Cambodian Pride) ដែលបង្កប់នូវសិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍសង្គមកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ក្នុងការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពសង្គម និងបានលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេស បានរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាន់តែកក្រើក និងអធិកអធមដើម្បីបន្សល់ទុកអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះដល់កូនខ្មែរគ្រប់ជំនាន់។

ជាមោទនភាពជាតិ ត្រឹមរយៈពេលជាង២សប្ដាហ៍ប៉ុណ្ណោះបទ”ស្រឡាញ់អ្វីដែលខ្មែរមាន” ឬ CAMBODIAN PRIDE  របស់ផលិតកម្ម Galaxy Navatra មានអ្នកចូលទស្សនារហូតដល់ 63លានដងឯណោះ នៅលើYoutube ផ្លូវការ Galaxy Navatra មានឈ្មោះថា Cam-Pop Galaxy Navatra ដែលចំនួននេះ អាចនិយាយបានថា សម្រាប់បទចម្រៀងនៅប្រទេសកម្ពុជា មិនធ្លាប់មានឡើយនា ពេលកន្លងមក៕