“ក្នុងរឿងហ្នឹងខ្ញុំមានប្រពន្ធ១ ស្រី៣ នាក់ ខ្ញុំយកពួកគាត់មកបណ្ដុះក្នុងវិស័យសិល្បៈឲ្យពួកគាត់ល្បី ខ្ញុំជាចាងហ្វាងផលិតកម្ម ខ្ញុំមានលុយ ខ្ញុំទិញខនដូឲ្យពួកគាត់ន ទិញឡានឲ្យគាត់ជិះ ពួកគាត់ជាស្រីរបស់ខ្ញុំ” នេះជាការលើកឡើយ របស់បុរសសង្ហា លោក ភុល សុវណ្ណដានីន តួអង្គព្រាននារីនៅក្នុងរឿង « អ្នកទី ៣ » បានរៀបរាប់ពីឈុតឆាកខ្លះៗនៃរឿងភាគមួយនេះ ជូនក្រុមអ្នកសារព័ត៌មាន ក្នុងការជជែកលេង តុកាហ្វេមួយភីអិនអិន កាលពីម្សិលមិញ ។

ក្នុងខ្សែភាពយន្តខាងលើលោក ភុល សុវណ្ណដានីន ត្រូវបានផលិតកម្ម LD Picture ជ្រើសរើសឲ្យដើរ តួអង្គព្រាននារី។ រឿង « អ្នកទី ៣ » ជាប្រភេទខ្សែភាពយន្តភាគ និយាយពី ជីវិតពិតដ៏ល្អពិសេស ក្នុងអត្ថន័យលើកកម្ពស់សីលធម៌រស់នៅ កែលំអផ្នត់គំនិតនិងផ្លាស់ប្ដូរទស្សនៈអំពីស្នេហា មនោសញ្ចេតនា ក្នុងចំណោមយុវនារីនាពេលបច្ចុប្បន្ន។
លោក ភុល សុវណ្ណដានីន ដើរតួ គឺជា ចាងហ្វាងផលិតកម្ម ជាអ្នកមានទ្រព្យ ជាមនុស្សមានស្រីច្រើន។លោកបានថ្លែងថា រឿងក្នុងសាច់រឿង មិនសុខពីជីវិតពិតឡើយ មានលុយគឺ ជាពិតជាងាយស្រួល ចង់មានស្រី ចង់សប្បាយ វាមិនមែនជាបញ្ហាឡើយ ប៉ុន្តែការសប្បាយ ប្រសិនមិនចេះគិតត្រឹមត្រូវ នឹងនាំឲ្យ វិនាសដល់ក្រុមគ្រួសារជាក់ជាមិនខាន។

តាមរយសាច់រឿងនេះ ដាលីនថា បានអប់រំឲ្យបុរសទាំងអស់ ត្រូវចេះបែងចែកភាពសប្បាយរបស់ខ្លួនឲ្យបានត្រឹមត្រូវ ជាមួយក្រុមគ្រួសារ ជាមួយ ស្រីខាងក្រៅ។ ប្រសិនបើជ្រុលជាមានស្រី ត្រូវលៃយ៉ាងណាកុំឲ្យជាប់ដៃជាប់ជើង កុំទៅបំផ្លាញអនាគតគេ ហាមផ្ដាច់មិនត្រូវបោះបង់ចោលប្រពន្ធកូនឡើយ។

តារាប្រុសដែលមានងារជា ប៉ូលិសរូបនេះបានសង្កត់ធន់ថា ការបែកបាក់គ្រួសារ មិនមែនជារឿងងាយស្រួលឡើយ ច្បាស់ណាស់គ្រួសារមិនមានសុភមង្គលនោះទេ វានឹងប៉ះពាល់ដល់អារម្មណ៍កូនៗខ្វះភាពលក់ក្ដៅ ដូចនេះបុរសទាំងអស់ត្រូវគិត មុនសម្រេចចិត្តលួចទៅ មានស្រី ក្បត់ប្រពន្ធកូននោះ។

ខ្សែភាពយន្តរឿង « អ្នកទី៣ » មានទាំងអស់ចំនួន៤០ភាគ ភាពយន្តមួយនេះ ប្រជុំទៅដោយតារាល្បីៗជាច្រើនរួមមាន កញ្ញា. ស៊ឹម ស្រីមុំ លោក. លឹម ជាឡាយ លោក ភុល សុវណ្ណដានី កញ្ញា. សាយ ចាន់រាសី កញ្ញា. សួង ស៊ីធឿន ព្រមទាំង សិល្បករសិលក្បៈការិនីជាច្រើនរូបទៀត។

កញ្ញា ទូច បុប្ផាអ្នកគ្រប់គ្រងកម្មវិធីផ្សាយរបស់ទូរទស្សន៍ភីអិនអិន នឹងជាអ្នកដែលចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ទីផ្សារភាពយន្តខ្មែរនៅកម្ពុជាបានឱ្យដឹងថា នេះជារឿងភាគដែលសរសេរចេញពីជីវិតពិតក្នុងសង្គមជាក់ស្តែង ក៏ជារឿងដំបូងដែលវាយលុកចំៗទៅនឹងផ្នត់គំនិតរបស់យុវវ័យភ្លើតភ្លើនមួយចំនួនឱ្យមើលឃើញច្បាស់អំពី លទ្ធផលនៃការធ្វេសប្រហែស មាក់ងាយស្ថានការណ៍និងការទុកចិត្តខ្លួនជ្រុលពេក ជាហេតុបណ្តាលឱ្យអំពើអនាចារ្សនានាមករួមរឹតជីវិតបាន បង្កជាកំហុសពិបាកបកក្រោយ។កញ្ញាបន្ថែមថា ភាពយន្តភាគ រឿង «អ្នកទីបី»ក្រៅតែពីលាតត្រដាងអំពី ស្ថានភាពផុយស្រួយនៃតួនាទីនិងកិត្តិនាមក្នុងវិស័យសិល្បៈទំនើប ថែមទាំងបង្ហាញអំពីចរិតលក្ខណៈនៃបុគ្គល(តួអង្គ)ម្នាក់ៗដែលនឹងធ្វើឱ្យជីវិតខ្លួនត្រូវលិចលង់ ឬថ្កុំថ្កើងបាន ព្រោះតែការជ្រើសរើសគោលដៅជីវិតរៀងៗខ្លួន។
តាមការបញ្ជាក់ពី អ្នកគ្រប់គ្រងកម្មវិធីផ្សាយ ខ្សែភាពយន្តភាគរឿង «អ្នកទីបី»នេះ ដែលគ្រោងនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិនដើមខែ កក្កដា ឆ្នាំ ២០២០ ខាងមុខនេះហើយ៕



រូបថត៖ Art Ain