មិនដឹងចាយប្រាក់ប៉ុន្មាននោះទេ មានទាំងយន្តហោះ មានទាំងរថយន្តទំនើបជាច្រើនគ្រឿង ហើយតួសម្ដែងវិញ ប្រជុំដោយតួសម្ដែងល្បីៗ ដែលសកម្មភាពទាំងនេះបានបង្ហាញវត្តមាន ថតMVបទចម្រៀងថ្មីមានចំណងជើងថា”ជូនដំណើរអូនឡើងផ្លូវហាយវ៉េ” របស់ផលិតកម្ម Galaxy Navatra របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជា ចាងហ្វាងផលិតកម្ម។
“ជូនដំណើរអូនឡើងផ្លូវហាយវ៉េ” ត្រូវបានគេដឹងថា ជាបទចម្រៀងថ្មីរបស់តារាចម្រៀង លោក ខេម ដែលទើបតែដើរចេញពីផលិតកម្មថោន មកជ្រកក្រោយផលិតកម្មGalaxy Navatra របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា។ បែបនេះក្ដី មិនទាន់មានការប្រកាសជាផ្លូវថាពីផលិតកម្មក៏ដូចជាសាមីខ្លួន ថា ខេម ពិតជា បានចូលមកក្នុងទ្រនំ Galaxyនៅឡើយទេ ប៉ុន្តែក្រោយពី តារាចម្រៀងរូបនេះ បានបង្ហាញភាពស្និទ្ធស្នាលជាមួយ ចាងហ្វាងផលិតជាសាធារណៈ ហើយថែមទាំង បញ្ចេញសកម្មភាពថត បទចម្រៀងថ្មីនេះ បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនដែលចូលចិត្តតាមដាន សកម្មភាពសិល្បៈវាយតម្លៃបានថា លោក ខេម ច្បាស់ណាស់ពិតជាចូលមកជ្រកក្នុងទ្រនំGalaxy ពិតមែន។

លោក យឹម តាស្រង់ អ្នកនិពន្ធបទចម្រៀង និងជាអ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy Navatra និយាយថា MV ប្រភេទ Action ធំបំផុតជាលើកដំបូងដែលផលិតកម្មមិនធ្លាប់ធ្វើនេះ បានចំណាយពេលថតបីថ្ងៃ ហើយមានតួអង្គសំខាន់ជាច្រើនរូប។ ប៉ុន្តែបែបណាក្ដី លោក យឹម តាស្រង់ មិនទាន់ចង់បញ្ចេញឈ្មោះតារាចម្រៀងនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា អ្នកចម្រៀងនោះ គឺជាតារាប្រុសចំណូលថ្មីរបស់ផលិតកម្ម។

“ជូនដំណើរអូនឡើងផ្លូវហាយវ៉េ” អត្ថន័យក្នុងបទចម្រៀង បង្ហាញពីបេសកកម្មពិសេសមួយរបស់ក្រុមបង្ក្រាប ប្រយុទ្ធជាមួយនឹងជនសង្គមងងឹត ហើយតួអង្គឯកស្រីមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមសង្គមងងឹតនោះដែរ។

បើតាមអ្នកចាត់ការទូទៅប្រចាំផលិតកម្ម Galaxy Navatra បទចម្រៀងនេះត្រូវចំណាយប្រាក់អស់ជាង ៣ម៉ឺនដុល្លារ ហើយតួអង្គល្បីៗ ដែលបានសម្ដែងក្នុងMV ខាងលើ មានតារាសម្ដែងជើងចាស់លោក សាវិន ហ្វីលីប តារាចម្រៀង លោក សាន ផានិត ព្រមទាំងតារាចម្រៀងល្បីៗជាច្រើនរូបទៀត។
អ្វីដែលជា ការចាប់អារម្មណ៍នោះបទ”ជូនដំណើរអូនឡើងផ្លូវហាយវ៉េ” នឹងក្លាយជាបទចម្រៀងដែលអាចបំបែកកំណត់ត្រាMVស្រុកខ្មែរ ត្បិតអីការផលិតឡើង អស់ប្រាក់ច្រើនជាងគេ ខណៈដែលផលិតកម្មធំៗស្រុកខ្មែរ ផលិតMV ១បទចំណាយប្រាក់មិនលើសពី១៥០០ ទៅ៣០០០ ដុល្លារប៉ុណ្ណោះ៕










