ទូរទស្សន៍ភីអីនអិន ដែលកំពុងត្រៀមដាក់ផ្សាយរឿងភាគបែបអប់រំចិត្ត «អ្នកទីបី» នៅ ថ្ងៃ ស្អែក បាន បង្កើតយុទ្ធនាការផ្សព្វផសាយដ៏អស្ចារ្សមួយ ដោយមានអ្នកនិពន្ធ ល្បីឈ្មោះ ម៉ីសន សុធារី ជាទូតផ្សព្វផ្សាយរបស់ខ្លួន។ កញ្ញា ទូច បុប្ផា ប្រធានកម្មវិធីផ្សាយរបស់ទូរទស្សន៍ភីអីនអិន បានឱ្យដឹងថា ផ្នែកនៃយុទ្ធនាការនេះកញ្ញានិងជជែកផ្ទាល់ជាមួយប្រិយមិត្តមកពីបណ្តាខេត្តដែលជាអ្នកគាំទ្រកុនខ្មែរយ៉ាងចំណាប់ចំនួន តាមរយៈវិទ្យុដ៏ល្បីវបំផុតពីរ គឺ វាយោអែហ្វអឹមនិងវិទ្យុអែហ្វអឹម១០២។

នៅព្រឹកម៉ោង១០ស្អែកនេះប្រិយមិត្តអ្នកស្នេហាកុនខ្មែរផលិតករ អ្នកដឹកនាំរឿង អ្នកឧបត្ថម្ភដែលមានបំណងចោទសួរកញ្ញាអំពីរឿងភាគអ្នកទីបីនេះអាច ខលមកកាន់ស្ថានីយ៍វិទ្យុ១០២FMដើម្បីឆ្លើយឆ្លងបានចម្លើយភ្លាមៗ។ លោកជំទាវ ជា ស៊ុនដាណែត នាយិកាគ្រប់គ្រងវិទ្យុអែហ្វអឹម១០២បានមានប្រសាសន៍ថា «ដោយសារតែPNN មានកុនខ្មែរគ្រាន់បើមើលហើយ ទើបខ្ញុំរាល់ថ្ងៃ មើលតែPNN ទេ និយាយពិត!PNN ជ្រើសរើសដៃគូសហការ តាម ខ្ញុំដឹង មិនមែនចេះតែទទួលទេ ដូច្នេះខ្ញុំគិតថានេះជារឿងអប់រំសង្គម អប់រំស្ត្រី!» អ្នកនិពន្ធម៉ីសនសុធារីឱ្យដឹងយ៉ាងខ្លីថា «នេះជាការឃោសនាមួយដើម្បីជួយដល់ភាពយន្តភាគខ្មែរ ក៏ជាគោលការណ៍ចម្បងរបស់ម៉ីសនសុធារីហ្វេនក្លឹបMST គ្រប់គ្នាចង់ឃើញសង្គមយើងពោរពេញទៅដោយការជ្រោមជ្រែង និងលើកកម្ពស់សិល្បៈមួយប្រភេទដែលនៅត្រដាបត្រដួសនៅឡើយ»។ ភាពយន្តភាគរឿង អ្នកទីបី បានបង្ហាញអំពីល្បិចល្បងល្បួងស្នេហ៍បោកបញ្ឆោតបំផ្លាញអនាគតនារីវ័យក្មេង និងការប្រើអន្ទាក់លាភសក្ការៈលុយកាក់ គំនិតភ្លើតភ្លើនសម្ភារៈនិយមចង់ឈ្នះចាញ់ ដែលសុទ្ធសឹងជាពុទ្ធិដ៏មានតម្លៃសម្រាប់ព្រមានឱ្យមានការគ្រប់គ្រងខ្លួនឯងឡើងវិញ ក្នុងចំណោមបុរសនិងនារី ខណៈបញ្ហាស្នេហាត្រីកោណនិងការបណ្តាក់ទុនរឿងបេះដូង ប្តូរយកឱកាស ឋានៈលុយកាក់ នៅតែពុះកញ្ជ្រោលក្នុងសង្គមខ្មែរបច្ចុប្បន្ន។

ភាពយន្តភាគ រឿងអ្នកទីបី ដឹកនាំផលិតដោយលោក លៀក លីណានៃផលិតកម្ម LD និងមានអ្នកនិពន្ធ ឆាយ សុមាលី អ្នកដឹកនាំរឿងពីររូប គឺលោក មង្គល និង លោកស៊ីណាន ដែលភីអិនអិន នឹងចាប់ផ្តើមចាក់ផ្សាយភាគដំបូង ថ្ងៃសុក្រទី០៣ ខែកក្កដា ឆ្នាំ២០២០នេះតទៅ ពីថ្ងៃចន្ទ ដល់សុក្រ នៅវេលាម៉ោង៨ដល់ម៉ោង៩យប់។




