តាមលោក ភីជិត ឬទ្ធា ជាអ្នកដឹកនាំរឿង “កម្ម” ដែលជាភាពយន្តខ្នាតធំដំបូងរបស់ផលិតកម្ម “រាម” របស់ស្រីអូន សម្រស់ធម្មជាតិល្បីលើហ្វេសប៊ុក បានឲ្យដឹងថា ក្រុមការងារផលិត ពិសេសថ្នាក់ដឹកនាំផលិតកម្មបានសម្រេចនាំយកកាមេរ៉ាប្រភេទទំនើបបំផុតដែលមានប្រើក្នុងឧស្សាហកម្មភាពយន្តហូលីវូដ មកប្រើក្នុងការផលិតរឿងនេះដែរ។
“ប្រសិនបើទាំងអស់គ្នាចូលចិត្តរឿងហូលីវូដ ហើយចាប់អារម្មណ៍គុណភាពរូបពីអេក្រង់ នោះខ្ញុំអាចប្រាប់ថា គឺមកពី កាមេរ៉ា ARRIនេះឯង”។ លោក ភីជិត ឬទ្ធា ថ្លែង។

ដោយសារតែប្រភេទកាមេរ៉ា ARRI ហាក់ជារឿងថ្មីពេក អ្នកដឹកនាំរឿងខាងលើឲ្យដឹងថា ថ្មីៗនេះ “ដានស៊ីងរ៉េន” (DancingRains) ដែលជាក្រុមហ៊ុនចែកចាយ ភាពយន្តខ្នាតធំរឿង “កម្ម” របស់ផលិតកម្ម “រាម” ក៏បានរៀបចំសិក្ខាសាលាពិសេសមួយនៅ ទីតាំងថតផ្ទាល់របស់រឿងរន្ធត់ខាងលើតែម្តង ដល់សមិទ្ធិករភាពយន្តនៅក្រុងបាត់ដំបង ដើម្បីពង្រឹងចំណេះដឹងរបស់ពួកគេលើការផលិតភាពយន្ត ដោយកាមេរ៉ាទំនើបកម្រិតហូលីវូឌ ហៅថាARRI (អានថា «អេរី»)នេះ។

លោក ឬទ្ធា ដែលមិនត្រឹមជាអ្នកដឹកនាំរឿង តែក៏ជាតំណាងចែកចាយARRI Cambodia ដែរនោះ បានមានប្រសាសន៍ថា ក្រុមការងារលោកសម្រេចប្រើកាមេរ៉ា ARRI Alexa Mini LF ដែលជាម៉ូដែល ARRI ALEXA MINI ចុងក្រោយគេ ដើម្បីជួយលើកគុណភាព រូបភាពបានកម្រិតខ្ពស់ ក្នុងនោះក៏ព្រោះតែវាផ្ដល់ភាពងាយស្រួលលើការកែសម្រួលទាំងក្រាហ្វិច និងការរចនាប្លង់ផ្សេងៗ ដែលវានឹងផ្ដល់មកវិញ នូវគុណភាពរូបភាព និងសម្លេងកាន់តែមានគុណភាពខ្ពស់។

ក៏ដូចគ្នាដែរលោក នៅ សុវណ្ណារ័ត្ន ប្រធានផ្នែករូបភាព (Director of Photography) បានឲ្យដឹងថា មាន៣ចំណុចសំខាន់ដែលចាំបាច់ក្រុមការងារផលិត សម្រេចយក ARRI មកប្រើ។ ទី១ ផលិតកម្មចង់ពង្រឹងគុណភាព ភាពយន្តឱ្យខ្លាំង។ ទី២ ចង់នាំចេញស្នាដៃដំបូងនេះ ឱ្យបានលក់ចេញទៅក្រៅស្រុក និងទី៣ គឺដើម្បីទាក់ចិត្តទស្សនិកជនក្នុងស្រុកជាមួយគុណភាពដ៏ខ្ពស់ទាំងរូបភាព និងសំឡេង ក្រោមការគាំទ្រដោយឧបករណ៍មានបច្ចេកវិទ្យាទំនើបនេះដែរ។

បច្ចេកវិទ្យារបស់ ARRI បានធ្វើឲ្យលោក ប៉ោយ ឈុនលី សិក្ខាកាមម្នាក់ដែលមានវត្តមានបានមានការភ្ញាក់ផ្អើល លោកថា មិននឹកស្មានថា កាមេរ៉ាមួយនេះ ផ្តល់រូបភាពអស្ចារ្យយ៉ាងនេះ។ ដូច្នេះហើយ លោកបញ្ជាក់ថា លោកក៏នឹង សាកប្រើកាមេរ៉ាមួយនេះ សម្រាប់ភាពយន្តខ្លីរបស់លោកនៅពេលក្រោយដែរ។

រឿង “កម្ម” ត្រូវបានផលិតកម្ម “រាម” ដែលគេដឹងថា ស្រីអូន ជាបុគ្គលល្បីឈ្មោះតាមហ្វេសប៊ុកជាចាងហ្វាងនោះ បានប្រកាសចេញផលិតកាលពីសប្ដាហ៍មុន ដោយក្នុងនោះ សាច់រឿងស្ទើរទាំងស្រុងត្រូវថតនៅខេត្តបាត់ដំបង។ ក្រោយពីថតចប់ បើតាមតម្រុយខ្លះៗពី “ដានស៊ីងរ៉េន” ថា ប្រសិនបើស្ថានភាពអំណោយផល ខ្សែភាពយន្ត ខ្នាតធំរន្ធត់១នេះ នឹងបង្ហាញជូនទស្សនិកជន នៅគ្រប់រោង ភាពយន្តក្នុងស្រុក នៅដើមឆ្នាំ ២០២១នេះ៕





