ខ្លាំង!បទ “ចង់​សុំ Wifi” កំពុង​ឈរ​លើ​គេ​បំផុត​នៅ​លើ Tik Tok

កម្សាន្ត

បទ​ឆ្លងឆ្លើយ​គ្នា​មួយ​បទ​របស់​តារា​ចម្រៀង ខេម និង តន់ ច័ន្ទ​សីម៉ា មាន​ចំណង​ជើង​ថា “ចង់​សុំWifi” ចេញ​ផ្សាយ​នៅ​លើ​យូធូប​កាល​ពី​៣​សប្ដាហ៍​មុន​នោះ ឥឡូវ​នេះ​បាន​បំបែក​កំណត់​ត្រា​មួយ​នៅ​លើ​ប្រព័ន្ធ TikTok។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


តាម​ព័ត៌មាន​ទទួល​បាន គិត​ត្រឹម​រសៀល​ថ្ងៃ​ទី ៦សីហា នេះ​បទ​ចម្រៀង​របស់​តារា​ប្រុស ស្រី​ទាំង​ពីរ បាន​និង កំពុង​ឈរ​នៅ​លំដាប់​លេខ​១ ក្នុង​នាម​ជា​បទ​ចម្រៀង​ជាតិ​ដែល​មាន​អ្នក​ពេញ​ចិត្ត ហើយ​យក​ទៅ​ធ្វើ​វីដេអូ​កម្សាន្ត​សប្បាយ​បន្ត​បង្ហោះ​នៅ​លើ​កម្មវិធី​ពេញ​និយម​របស់​ចិន​មួយ​នេះ។ នេះ​បើ​តាម​លោក យឹម តាស្រង់ នាយក​គ្រប់​គ្រង​ផលិតកម្ម Galaxy Navatra បាន​បង្ហើប​ឲ្យ​ដឹង។

លោក យឹម តាស្រង់ ប្រាប់​ថា ថ្មី​ៗ​នេះ​លោក​បាន​ឲ្យ​ក្រុម​ការងារ​របស់​លោក​ធ្វើ​ការ​ស្រាវជ្រាវ​មើល​នៅ​លើ​កម្មវិធី TikTok ដើម្បី​ចង់​ដឹង​ពី​លទ្ធផល​នាំ​មុខ​សម្រាប់​ជាតិ នាម​ជា​បទ​ចម្រៀង​ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​កាត់​ត​ធ្វើ​វីដេអូ​បង្ហោះ​លេង​កម្សាន្ត​បន្ត។ ជា​លទ្ធផល បទ “ចង់​សុំ Wifi” របស់​ផលិតកម្ម​លោក ច្រៀង​តារា​ចម្រៀង ខេម និង តន់ ច័ន្ទ​សីម៉ា ស្ថិត​នៅ​លើ​គេ។


ទិន្នន័យ​នេះ​បាន​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​ផលិតកម្ម​ខាង​លើ​មាន​ការ​ភ្ញាក់​ផ្អើល។ តា​ស្រង់ លើក​ឡើង​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង សឹង​មិន​ជឿ​ពិត​មែន និង​ពិត​ជា​រឿង​នឹក​ស្មាន​មិន​ដល់។ តាម​តួលេខ​បញ្ចេញ​ដោយ​អ្នក​ដឹកនាំ​រូប​នេះ បទ “ចង់​សុំ Wifi” មាន​អ្នក​ប្រើ​ប្រាស់​នៅ​លើ​កម្មវិធី TikTok របស់​ចិន យក​ថត (ចម្រៀង​ Background) វីដេអូ​បន្ត​ដល់​ទៅ​ចំនួន​ដល់​ទៅ​ជិត ៤០ម៉ឺន​វីដេអូ​ប៉ុណ្ណោះ ពោល​គឺ 398.1k។
តួលេខ​នេះ នាំ​ឲ្យ​បទ​របស់ ខេម និង សីម៉ា ឈរ​នៅ​លំដាប់​លើ​គេ នាម​ជា​បទ​ចម្រៀង​ជាតិ​ពេញ​និយម​បំផុត​លើ TikTok ដោយ​ឡែក​លេខ២ បាន​ទៅ​លើ​បទ​របស់​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ផ្សេង​ទៀត​ដែល​តួលេខ​ប្រើ​ប្រាស់​ចំនួន​ជាង ៣៦ម៉ឺន​វីដេអូ។ យ៉ាង​ណា របាយការណ៍​របស់​លោក យឹម តាស្រង់ មិន​មាន​បង្ហាញ​ពី​បទ​ចម្រៀង​លំដាប់​លេខ​៣​នោះ​ទេ។

តោះ…ស្ដាប់​បទ​នេះ​ម្ដង​ទៀត​មើល៍៖



ប្រភព៖ Sabay