ជារឿងដ៏គួរឱ្យរីករាយបំផុតសម្រាប់អ្នកគាំទ្ររបស់តារាចម្រៀង តន់ ចន្ទសីម៉ា ក្រោយពីលេចធ្លាយព័ត៌មានច្បាស់ការមួយមកថា ពេលនេះនាងទទួលបានឱកាសពិសេស ក្លាយជាជាតារាចម្រៀងដំបូងបង្អស់ ដែលត្រូវបានក្រុមហ៊ុនរបស់ប្រទេសថៃមួយ បានមករួមវិយោគលើវ័យចម្រៀង និងជ្រើសរើសនាងជាតារាចម្រៀងខ្មែរមួយរូប ដែលនឹងច្រៀងជាភាសាថៃនៅក្នុងភាគហ៊ុនមួយនេះ

ជាមួយនឹងតារាចម្រៀងថៃល្បីៗជាច្រើនទៀតផងដែរ នេះបើតាមការអះអាងច្បាស់ៗរបស់ផលិតកម្ម Galaxy Navatra កាលពីយប់ថ្ងៃទី១១ សីហា ២០២០ ថ្មីៗនេះ។
តាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុនរបស់ប្រទេសថៃមួយដែលបានមកវិយោគលើវ័យចម្រៀងរួមគ្នាជាមួយក្រុមហ៊ុន Galaxy Navatra បានសម្រេចដាក់ឈ្មោះរួមគ្នាថ្មីមួយថា Galaxy Navatra Thailand ហើយក្នុងនោះវត្តមានរបស់តារាចម្រៀង តន់ ចន្ទសីម៉ា នឹងក្លាយជាតារាស្រីម្នាក់ដែលត្រូវច្រៀងជាភាសាថៃ នៅក្នុងចំណោមវត្តមានតារាចម្រៀងល្បីៗថៃផ្សេងទៀតដែលមានឈ្មោះនៅក្នុងផលិតកម្មមួយនេះ។


ក្រៅពីនេះ Galaxy Navatra បានបន្ថែមឱ្យដឹងទៀតថា តន់ ចន្ទសីម៉ា អាចនឹងឈានទៅដល់កុងត្រាជាមួយប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីថែមទៀតផង។
ការទទួលបានឱកាសដ៏លើសលប់នេះ គឺដោយសារតែមើលឃើញពីសន្ទុះប្រជាប្រិយភាពដែលកំពុងតែហក់ឡើងយ៉ាងខ្លាំង របស់តារាចម្រៀងកម្ពុជា តន់ ចន្ទសីម៉ា ធ្វើឱ្យបណ្ដាប្រទេសដទៃមើលឃើញពីសមត្ថភាពរបស់នាង ហើយវាជារឿងមួយដ៏គួរឱ្យរំភើបបំផុតសម្រាប់តារាកម្ពុជារូបនេះ។