តារាចម្រៀងលំដាប់កំពូលប្រចាំនៅផលិតកម្មរស្មីហង្ស មាស លោក ព្រាប សុវត្ថិ ប្រហែលជា ត្រៀមបើករីហ្សត(Resort) ផ្ទាល់ខ្លួនមួយកន្លែង នៅខេត្តមណ្ឌលគីរីហើយ នេះបើតាមការបង្ហោះរូបភាពចាច្រើនសន្លឹកលើ បណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក។

ថ្មីៗនេះ លោក ព្រាប សុវត្ថិ បានបង្ហោះសារមួយដោយមានភ្ជាប់រូបថតមានទេសភាពសម្រស់ធម្មជាតិ យ៉ាងស្រស់ស្អាតនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ ទេសភាពធម្មជាតិដ៏ស្រស់បំព្រង គឺជារបស់លោក បើលោកចោលធម្មជាតិនេះ លោកពិតជាមិនគួរគប្បីនឹងខ្លួនឯងឡើយ។

តាមរយៈសារដែលបានបង្ហោះនេះ គឺថារីហ្សតដែលអមដោយទេសភាពព្រៃប្រឹក្សា និងទឹកជ្រោះដ៏ត្រជាក់នៅខេត្ដមណ្ឌលគីរីនេះ ត្រូវបានលោកដាក់ឈ្មោះថា”Preap Sovath Resort” ហើយនឹងត្រូវបើកក្នុងពេលឆាប់ៗនេះហើយ។

បែបនេះក្ដី មិនទាន់មានការបញ្ជាក់ លំអិត ពីលោក ព្រាប សុវត្ថិជុំវិញគម្រោងបើករីហ្សតនេះនៅឡើយទេ។ ប៉ុន្តែគេតែងឃើញលោកឧស្សាហ៍ ចេញចូលខេត្តមណ្ឌលគីរីញឹកញាប់ ដែលទំនង ប្រហែលជា តារាចម្រៀងដែលល្បីថា ត្រៀមវេចបង្វេច ទៅចូលទ្រនំ ផលិតកម្មGalaxy Navatraរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ទៅខេត្តនោះ គឺដើម្បីចាត់ចែងរៀបចំរីហ្សតរបស់លោកដែលគ្រោងបើកជាយូរមកនោះហើយ៕
