ផលិតកម្ម Galaxy Navatra ដែលជាអ្នកផលិតបទចម្រៀងល្បីៗឈានមុខគេនៅប្រទេសកម្ពុជា នាល្ងាចថ្ងៃសុក្រ ទី១ ខែកញ្ញានេះ បានរៀបពិធីស្វាគមន៍យ៉ាងកត់ក្តៅវត្តមានតារាចម្រៀងលោក គូមា មកកាន់គ្រួសារ Galaxy Navatra ជាផ្លូវការហើយ នៅសណ្ឋាគារលំដាប់ផ្កាយ Sun&Moon រាជធានីភ្នំពេញ។

ពិធីចុះហត្ថលេខាស្វាគមន៍លោក គូមា មកកាន់គ្រួសារ Galaxy Navatra មានការអញ្ជើញពីថ្នាក់ដឹកនាំផលិតកម្ម ដូចជាឯកឧត្តម ជា លីសែ ជំនួយការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group និងលោក សាក់ ធារិទ្ធ នាយករងផលិតកម្ម Galaxy Navatra តារាចម្រៀង សិល្បករ សិល្បការិនីជាច្រើនរូប ព្រមទាំងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន។

លោក សាក់ ធារិទ្ធ នាយករងផលិតកម្ម Galaxy Navatra បានលើកឡើងថា លោក គូម៉ា នឹងក្លាយទៅជាតួអង្គសំខាន់ និងថ្មីបន្ថែមទៀតក្នុងចំណោមកំពូលតារាចម្រៀង អ្នកនិពន្ធ ផលិតករ និងបុគ្គលិកទាំងអស់របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មកាន់តែទទួលបានភាពជោគជ័យ និងទទួលបានការគាំទ្រស្រឡាញ់ចូលចិត្តពីសំណាក់អ្នកគាំទ្រ សាធារណជនទាំងក្នុងស្រុក និងក្រៅស្រុកនាពេលខាងមុខ។

លោកបន្តថា ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯ.ក និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៨ ដែលគិតមកដល់ពេលនេះ មានអាយុទើបតែជិត០៥ឆ្នាំប៉ុណ្ណោះ។ ក្នុងស្មារតីនេះ អ្នកនិពន្ធ ផលិតករ តារាចម្រៀង និងបុគ្គលិកទាំងអស់របស់ផលិតកម្ម ដែលតែងបានខិតខំប្រឹងប្រែងធ្វើឱ្យផលិតកម្មរបស់យើងរីកចម្រើន និងសម្រេចបានសមិទ្ធផលគួរជាទីមោទនៈជាបន្តបន្ទាប់។
បន្ទាប់ពីចុះកុងត្រាក្លាយជាតារាចម្រៀងផ្លូវការផលិតកម្ម Galaxy Navatra លោក គូមា បានបង្ហាញការមើលឃើញថា Galaxy Navatra ជាផលិតកម្មដែលមានចក្ខុវិស័យ និងឆន្ទៈខ្ពស់ក្នុងការលើកស្ទួយវិស័យចម្រៀង សិល្បករ សិល្បការិនីឲ្យទៅកាន់ភាពរីកចម្រើន និងពោរពេញដោយគុណភាព។

លោកបន្តថា លោកការរីករាយសប្បាយចិត្តខ្លាំងដែលបានក្លាយជាសមាជិករបស់ផលិតកម្ម Galaxy Navatra ហើយមានឱកាសបានរួមដំណើរជាមួយផលិតកម្មដែលប្រមូលផ្តំដោយកំពូលតារាចម្រៀងល្បីៗ សិល្បករថ្មីៗ និងអ្នកនិពន្ធ ផលិតករពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់។
ទន្ទឹមនឹងការក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra កំពុងឈានមុខមួយនេះ លោក គូមា បានឲ្យដឹងថាលោកត្រៀមខ្លួនរួចរាល់ហើយក្នុងការនាំអ្វីដែលថ្មី ប្លែក និងចូលរួមបើកទំព័រថ្មីជាមួយផលិតកម្មទៅតាមឆន្ទៈរបស់ផលិតកម្មក្នុងការលើកកម្ពស់វិស័យចម្រៀងនៅប្រទេសកម្ពុជាប្រកបទៅដោយគុណភាព។
បន្ថែមទៀតនោះ លោក គូមា បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំក្នុងការបង្កើតនូវសមិទ្ធផលថ្មីៗជាមួយផលិតកម្ម Galaxy Navatra ជូនប្រិយមិត្តអ្នកគាំទ្ររបស់លោកមិនឲ្យខកបំណងឡើយ៕













