រួមរស់ជាមួយផលិតកម្មហង្សមាសជាង ២៣ ឆ្នាំ និងការសម្រេចចិត្តចាកចេញមករួមទ្រនំថ្មីជាមួយផលិតកម្មចម្រៀងរបស់សេដ្ឋីឡេង ណាវ៉ាត្រា លោកព្រាប សុវត្ថិប្រាប់ថា ការចាកចេញនៅពេលនេះគឺពោរពេញដោយស្នាមញញឹម ជាការបែកគ្នាមើលឃើញគ្នា និងមិនអាចបំភ្លេចគ្នា មិនមែនរឿង រឿងភ្នំមួយ មិនអាចមានខ្លាពីរ ឬ កញ្ចប់ប្រាក់ រាប់សិចម៉ឺនដុល្លារនោះឡើយ ការចាកចេញនេះ គឺដើម្បីសម្រេចគោលដៅ ស្វែងរកបទពិសោធន៍ថ្មីលើវិថីសិល្បៈប៉ុណ្ណោះ។

ការបង្ហាញហេតុផលទាំងអស់នេះ គឺក្នុងឱកាសដែលផលិតកម្មថ្មី បានធ្វើពិធីបង្ហាញមុខតារាចម្រៀង ព្រាប សុវត្ថិ ជាផ្លូវការនាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅសណ្ឋាគារ Gardan City ជិតវិមានឈ្នះឈ្នះ។ កំពូលតារាចម្រៀងប្រចាំប្រទេសប្រាប់ថា ២៣ ឆ្នាំ មកនេះ លោកទទួលបានការគាំទ្រ មានមុខមាត់ មានកិត្តិយសក៏ដោយសារតែហង្សមាស។ លោកមិនគិតថា ចង់ចាកចេញពីហ្សងមាស និងមិត្តរួមការងារដែលបានតស៊ូរួមដំណើរជាមួយគ្នាជាច្រើនឆ្នាំ តែពេលនេះដល់ពេលលោកត្រូវចាកចេញ ដើម្បីសម្រេចគោលដៅ ស្វែងរកបទពិសោធន៍ថ្មីលើវិថីសិល្បៈ។

លោកថា លោកបានកាន់ដៃបណ្ដើរគ្នាជាមួយហង្សមាសពីឆ្នាំ១៩៩៧ គឺជាង ២៣ ឆ្នាំនេះ មានតែស្នាមញញឹម និងជោគជ័យជាមួយគ្នា។ មកដល់ឆ្នាំ ២០២០ គឺលោកមានគោលដៅមួយសម្រាប់ជីវិត។ គោលដៅនេះជាអ្វីលោកចង់បាន និងក៏ស្របតាមចំណង់ចំណូលចិត្តរបស់លោកផងដែរ។
ទទឹមគ្នានោះផងដែរ លោកអរគុណដល់ថ្នាក់គ្រប់គ្រងរបស់ហង្សមាស លោកថា ការលាគ្នានៅពេលនេះជាការបែកគ្នាដោយមើលឃើញ ហើយលោកនឹងនៅតែបន្តរាប់អាន និងទំនាក់ទំនងគ្នាគ្មានថ្ងៃប្រែប្រួលនោះទេ។

លោកបន្ថែមថា ការចាកចេញនេះក៏មិនទាក់ទងទៅកាច់កុងគ្នាក្នុងក្រុមហ៊ុន រួមទាំងការផ្ដល់កញ្ចប់លុយពិសេសណាមួយពីក្រុមហ៊ុនថ្មី ដែលធ្វើឲ្យលោកសម្រេចចិត្តចាកចេញ។ មានការលើកឡើងថា ការចេញពីទ្រនំ ហង្សមាស មកចូលក្នុងផលិតកម្មGalaxy Navatra របស់សេដ្ឋីឡេង ណាវ៉ាត្រា តារាចម្រៀងរូបនេះ បានទទួលកញ្ចប់៣០ម៉ឺនដុល្លារ ជាមួយនឹងប្រាក់ខែ ប្រចាំខែ៨ពាន់ដុល្លារក្នុង១ខែ ប៉ុន្តែការលើកឡើងនេះ ត្រូវបាន តារាកំពូលតារាចម្រៀងរូបនេះ ក៏ដូចជា លោកឧកញ៉ា ឡេង ណាវ៉ាត្រា ច្រានចោល ដោយអ្នកទាំងពីរបញ្ជាក់ស្រដៀងគ្នាថា ធ្វើឡើងដោយបេះដូង ដើម្បីស្វែងរកបទពិសោធន៍ថ្មី ដោយការរាប់អាន មានឆន្ទៈជាមួយសិល្បៈពិតប្រាកដ ធ្វើការងារដោយសប្បាយចិត្តរួមដំណើរជាមួយគ្នា ជោគជ័យជាមួយគ្នា។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា ដោយសារតែលោកជាមនុស្សម្នាក់ស្រលាញ់សិល្បៈ ចង់ធ្វើជា តារាចម្រៀង ប៉ុន្តែលោកឧកញ៉ាច្រៀង មិនពីរោះ ទើបលោកខិតខំ បង្កើតផលិតកម្មមួយនេះឡើង។ ជាមធ្យមឧកញ៉ាតែងតែដកប្រាក់ចំណេញពីវិស័យអចលនទ្រព្យពី២០ ទៅ៣០% មកវិនិយោគលើ សិល្បៈនេះ។ សេដ្ឋីវ័យក្មេងកំពុងមានប្រជាប្រិយភាពរូបនេះ បានបន្តថា ផលិតកម្មGalaxy Navatra មានគោលដីវែងឆ្ងាយ មិនមែនតែសម្រាប់ទីផ្សារក្នុងស្រុកមួយមុខឡើយ គឺលោកចង់បង្ហាញស្នាដៃ របស់កូនខ្មែរ ដល់ប្រទេសជិតខាងក៏ដូចជា សកលលោកឯណោះ ប៉ុន្តែថា ផែនការនោះធ្វើបានកម្រិតណានោះ លោកមិនទាន់សន្យានោះទេ តែគ្រប់គ្នានឹងខំប្រឹងឲ្យអស់សមត្ថភាព៕











