ពិធីការិនីរូបស្រស់ អ្នកនាងអន រ៉ាស៊ីសុមេត្តា ហៅណូម័រ ដែលជាតារាសម្ដែងនិងពិធីការិនីនោះ បានឈានមួយជំហានទៀត តាមរយៈការបន្ថែមអាជីពថ្មីវិវឌ្ឍខ្លួនទៅជាតារាចម្រៀងអាជីពតែម្ដង ដែលបានចេញបទដំបូងជា Original Songs បទ ”សម្ពាធបេះដូង” ច្រៀងឆ្លងឆ្លើយជាមួយតារាចម្រៀងលោកភព ជាចម្រៀងបែបស្នេហាមនោសញ្ចេតនា ហើយក៏ចេញ MV ជាផ្លូវការផងដែរ។
ណូម័រ មិនហ៊ានរំពឹងថា អាជីពថ្មីរបស់នាងនឹងទទួលបានជោគជ័យដូចអាជីពចាស់ ឬយ៉ាងណានោះទេ ប៉ុន្ដែនាងថា ឲ្យតែការងារសិល្បៈ នាងស្រលាញ់ទាំងអស់ ពិសេសអាជីពចម្រៀងនេះ នាងនឹងប្រឹងបន្ដទៅមុខព្រមគ្នាជាមួយអាជីពសម្ដែង និងពិធីការិនី។

ណូម័រ ថា នៅមានបទចម្រៀងជា Original Songs មួយចំនួនទៀត ដែលត្រៀមចេញនាពេលខាងមុខនេះហើយ។មុនចាប់អាជីពចម្រៀងនេះ ណូម័រ ក៏បានបង្ហាញសញ្ញាបើកបេះដូងទទួលយកគូស្នេហ៍ថ្មីផងដែរ ប៉ុន្តែនៅពេលនេះ នាងវាចាថា មិនទាន់រកបានម្ចាស់បេះដូងថ្មីឡើយ។ នាងថាចំណងស្នេហាថ្មី នាងត្រូវការពិសោធន៍បេះដូងឲ្យបានល្អិតល្អន់ជាមុនសិន ដើម្បីជៀសវាងការជួបរឿងខកបំណងជាលើកទី២។

ក្រៅពីណូ ម័រ តារាចម្រៀងដែលវិវឌ្ឍខ្លួនមកពីអាជីពសម្ដែង មានដូចជា កញ្ញារ៉ាប៊ី , ទេព បូព្រឹក្ស , អែន ជី និងពេជ្រ សូលីកា ជាដើម ហេតុនេះហើយបានជាទស្សនិកជនរង់ចាំមើលថា តើណូម័រ នឹងធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាងកាន់តែល្បីថែមទៀត ជាមួយអាជីពថ្មីនេះបានដែរឬយ៉ាងណា ខណៈដែលពេលនេះ ទីផ្សារចម្រៀងផ្នែកយុវវ័យកាន់តែមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងក្លាជាងមុន៕


