ពិធីការិនីល្បីល្បីឈ្មោះអ្នកនាង យុគ ចិន្ដា និងលោកស្រី ហូវ ដាណេម្ចាស់ហាង «ឌែរម៉ូគ្លីនិក» ដែលមហាជនស្គាល់ថា ជាមិត្តភ័ក្ដិស្និទ្ធស្នាលនឹងគ្នា បាននាំយកអំណោយជាច្រើន ទៅចែកជូនប្រជាពលរដ្ឋចំនួន១២០គ្រួសារ មកពី៣ភូមិ ក្នុងស្រុក កំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្ត កំពង់ធំ។ ការចែកអំណោយនោះ គឺដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំ របស់មជ្ឈមណ្ឌលកែសម្ផស្ស«ឌែម៉ូក្លីនិក» ។

ពិធនេះ ត្រូវបានប្រារព្ធឡើង នៅក្នុងវត្តឌួងសូរិយា (ហៅក្តីដូង) នៅក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៤ នាព្រឹកថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្ដម ឌិន ស៊ីវុទ្ធី និងលោកស្រី ហូវ ដាណេ អ្នកនាងយុគ ចិន្ដា ព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះគ្រូចៅអធិការវត្តឌួងសុរិយា (ហៅក្ដីដូង) ព្រមទាំងថ្នាក់ដឹកនាំ របស់របស់មជ្ឈមណ្ឌលកែសម្ផស្ស «ឌែម៉ូក្លីនិក» ជាច្រើនរូបទៀត។

លោកស្រី ហូវ ដាណេ បានលើកឡើងថា ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំ របស់មជ្ឈមណ្ឌលកែសម្ផស្ស (ឌែម៉ូក្លីនិក) និងដើម្បីផ្សារភ្ជាប់ក្តីស្រលាញ់ ហើយសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន រស់នៅមានជីវភាពទីទ័លក្រ និងគ្រួសារងាយរងគ្រោះ ដូចនេះមជ្ឈមណ្ឌលយើង នឹងរៀបចំកម្មវិធីមួយជូនអំណោយ និងផ្ដល់សម្ភារជូនពួកគាត់សម្រាប់ដោះស្រាយ បានមួយរយៈក្នុងសម័យ Covid-១៩នេះ។

អំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះ ដែលមជ្ឈមណ្ឌលកែសម្ផស្ស «ឌែម៉ូក្លីនិក» បាន រួមចំណែកជាមួយអាជ្ញាធរ សរបង្ហាញឲ្យឃើញថា ជាសកម្មភាពមួយ ជួយដល់រដ្ឋាភិបាលក្នុងការដោះស្រាយនូវជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយក៏ជាកុសលផលបុណ្យមួយធ្វើឲ្យយើងទាំងអស់គ្នា កាត់បន្ថយទុក្ខលំបាកផ្សេងៗផងដែរ។

លោកស្រី ហូវ ដាណេ បានបន្តឲ្យដឹងទៀតថា ខួបគម្រប់១០ឆ្នាំ របស់មជ្ឈមណ្ឌលកែសម្ផស្ស «ឌែម៉ូក្លីនិក» ជារៀងរាល់ឆ្នាំ អ្នកស្រីតែងតែធ្វើពិធីជប់លៀងដល់អតិថិជន ដើម្បីបង្កើនភាពស្និតស្នាលក៏ដូចជា ថ្លែងអំណរគុណ ប៉ុន្តែសម្រាប់ឆ្នាំនេះ ដោយនៅលើពិភពលោក ជួបបង្ហា Covid-១៩ មិនចង់ឲ្យមានការជួបជុំ ទើបអ្នកស្រី លើកកម្មវិធីនោះ មកធ្វើជា កិច្ចការសប្បុរសធម៌វិញ។
ព្រះភិក្ខុធម្មបាលោ ជ សុចាយ បានសំដែងនូវការអរគុណយ៉ាងខ្លាំង ចំពោះមជ្ឈមណ្ឌលកែសម្ផស្ស «ឌែម៉ូក្លីនិក» ដែលបានយកអំណោយចែកជូន ដល់ញោមញាតិនាពេលនេះ ទោះជាអំណោយទាំងនេះ មានចំនួនតិចតួចស្តួចស្តើង ក៏ពិតមែនតែវាអាចជួយសម្រាល ដល់ភាពខ្វះខាតរបស់ញោមញាតិ ជាពុទ្ធបរិស័ទ ហើយក៏ដើម្បីរួមចំណែកជួយរំលែកទុក្ខលំបាក របស់រាជរដ្ឋាភិបាលផងដែរ។

ក្នុងពិធីនោះ លោក និងលោកស្រី ក៏បានជូនបច្ច័យបួន ដល់ព្រះសង្ឃដែលគង់នៅវត្តឌួងសូរិយា (ហៅវត្តក្ដីដូង) ចំនួន ៣០អង្គ ក្នុងមួយអង្គចំនួន ២ម៉ឺនរៀល និងសាដកចំនួន១ ព្រមទាំងប្រគេនសម្ភារសម្រាប់វត្តដូចជា៖ អង្ករ៥បាវ មី១០កេះ ទឹកក្រូច១០កេះ ទឹកសុទ្ធ ១០កេះ និងបច្ច័យកសាងចំនួន៤លានរៀល។ ចំណែកបងប្អូនទីទ័លក្រចំនួន១២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ ភួយ១ មី១កេះ អង្ករ១០គីឡូ ក្រាមថវិកា១ម៉ឺនរៀល និងទឹកអាកុល១ដប។ ក្នុងនោះដែរ អ្នកនាងយុគ ចិន្ដា ព្រមទាំងក្រុមគ្រួសារ ក៏បានឧបត្ថម្ភភេសជ្ជ ដូចជា កាហ្វេ ជាដើម ពីហាងស្លឹកឈូករបស់អ្នកនាង ចំនួន៥០០កែវ ប្រគេនព្រះសង្ឃ ក៏ដូចជា ពលរដ្ឋ បានពិសាយ៉ាងឈ្ងុយឆ្ងាញ់ ព្រមទាំងថវិកា២០០ ដុល្លារ សម្រាប់កសាងវត្តផងដែរ។

សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលកែសម្ផស្ស ឌែរម៉ូគ្លីនីក ជាគ្លីនិកមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងផ្នែកកែសម្ផស្សជាយូរឆ្នាំមកហើយ ព្រោះក្រុមគ្រូពេទ្យ និងអ្នកជំនាញផ្នែកកែសម្ផស្សពោរពេញដោយសមត្ថភាពខ្ពស់ព្រមទាំងមានបទពិសោធន៍ ភាពប៉ិនប្រសប់ក្នុងវិស័យមួយនេះ។ គ្លីនីក មាន ព្យាបាលជំងឺរាល់សើស្បែក សេវាកម្មព្យាបាលថែរក្សាសម្ផស្សដោយមិនវះកាត់ នឹង ព្យាបាលដោយការវះកាត់ ស្របតាម គោលការណ៍ក្រសួងសុខាភិបាល។ រយៈពេល១០ឆ្នាំមកនេះ ឌែរម៉ូគ្លីនីក ទទួលបានគាំទ្រ ជាខ្លាំងពីអតិថិជន គ្រប់ស្រទាប់វណ្ណៈ ។ ទទឹមគ្នានោះដែរ ឌែរម៉ូគ្លីនីក បានប្រកាន់ជំហររបស់ខ្លួន ដោយសម្រេចកាត់ប្រាក់ចំណេញ៥ភាគរយ ដើម្បីយកមកធ្វើសប្បុរសធម៌ជារៀងរាល់ឆ្នាំ៕



















