បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តីធំនៅប្រទេស កូរ៉េ ផលិតកម្ម Galaxy Navatra ក៏បានដឹកនាំតារាចម្រៀងជាច្រើនរូបទៅចូលរួមប្រគំតន្រ្តីនៅទីក្រុង បាងកក ប្រទេស ថៃ រួមជាមួយនិងពិធីកាន់បិណ្ឌ (បិណ្ឌ៩) ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ឡេង ប្រុស សហការជាមួយស្ថានទូត ក្រុមហ៊ុន និងក្រុមការងារផ្សេងៗទៀត ដែលមានអ្នកចូលរួមទស្សនារាប់ពាន់នាក់ ធ្វើឱ្យកក្រើកឆាកតន្រ្តីតែម្តង។

ក្នុងពិធីកាន់បិណ្ឌទី ៩ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ឡេង ប្រុស កាលពីថ្ងៃទី ០៨ ខែ តុលា កន្លងមកនេះ ក៏មានការរៀបចំពិធីសូត្រមន្ត រាប់បាត្រព្រះសង្ឃ ព្រមទាំងមានការសម្តែងរបាំជូនពរដែលមរតករបស់ខ្មែរ រួមជាមួយការពិសាអាហារសាមគ្គី មាននំបាញ់ចុកខ្មែរជាដើម។
ទន្ទឹមនិងការរៀបចំពិធីកាន់បិណ្ឌនាថ្ងៃនោះ ក៏មានការរៀបចំការប្រគំន្ត្រីមួយ ដែលចូលរួមពីតារាចម្រៀងល្បីៗជាច្រើនរូបនៅក្នុងផលិតកម្ម Galaxy Navatra ដែលកាន់តែធ្វើឱ្យកក្រើកឆាកតន្រ្តីនៅម្តុំផ្សារ ប្រាទូណាម ក្នុងទីក្រុង បាងកក ប្រទេស ថៃ និងមានអ្នកចូលរួមទស្សនារាប់ពាន់នាក់ ជាក់ស្តែងតាមរយៈរូបភាពជាច្រើនដែលទស្សនិកជនបានឃើញស្រាប់ ម្នាក់ៗមានទឹកមុខរីករាយ និង រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយទៅតាមចង្វាក់ភ្លេង ។

តារាចម្រៀងល្បីៗដែលបានអង្រួញឆាកប្រគំតន្រ្តីនៅទីក្រុង បាងកក រួមមាន លោក ខាន់ ជេមស៌ , វង្ស ថាណាន់,កញ្ញា ហ៊ិន លីដា ,អែមមី និងតារាចម្រៀងរ៉េបល្បីៗជាច្រើននៅក្នុងផលិតកម្ម Galaxy Navatra។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យកាន់បិណ្ឌទី៩ នៅម្តុំផ្សារ ប្រាទូណាម ទីក្រុងបាងកក កាលថ្ងៃទី៨តុលាកន្លងមកនេះ ត្រូវបានរៀបចំដោយក្រុមការងារយុវជន ESEA, ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ, ក្រុមការងារមិត្តយើង ព្រមទាំងមាបការឧបត្ថម្ភដោយក្រុមហ៊ុន Galaxy Navatra Group, ក្រុមហ៊ុនអចលនទ្រព្យ ឡេង និមល, ក្រុមហ៊ុន ណាវ៉ាត្រា ខ្នាតយក្ស និងក្រុមហ៊ុនដឹកជញ្ជូន ស្រឡាញ់អ្នក៕









