តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងវ័យក្មេងមួយរូប ដែលទទួលបានប្រជាប្រិយភាពដាច់គេក្នុងឆ្នាំ២០២០នេះ ខណៈគ្រប់ចម្រៀង Original របស់នាង ដែលបានបញ្ចេញក្នុងផលិតកម្ម Galaxy Navatra ក្នុងមួយបទៗសុទ្ធសឹងតែទទួលបានការគាំទ្រពីមហាជនយ៉ាងភ្លូកទឹកភ្លូកដី។ ជាពិសេស គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០នេះ តន់ ច័ន្ទសីម៉ា ក្លាយជាតារាចម្រៀងមានប្រជាប្រិយភាពបំផុត ដោយមានអ្នកចូលទស្សនាបទចម្រៀងរបស់នាងសរុបរហូតដល់ទៅ ៣២៣.៧ លានដង ក្នុងយូធូប។

យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានឲ្យដឹងថា នេះជាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យសិល្បៈចម្រៀង ដែលតារាវ័យក្មេងម្នាក់ អាចទទួលបានការគាំទ្រលើសលប់នៅក្នុងប្រទេសកម្ពុជា។ អ្វីដែលពិសេស បទចម្រៀងទាំងអស់របស់ តន់ច័ន្ទស៊ីម៉ា គឺសុទ្ធសឹងតែជាប្រភេទ Original ទាំងអស់។ វាពិតជាអស្ចារ្យមែនទែន នៅក្នុងវិស័យសិល្បៈដែលអ្នកផលិតប្រចាំផលលិតកម្ម Galaxy Navatra អាចធ្វើបទ Original Song បានច្រើនសន្ធឹកសន្ធាប់ ហើយក៏ជាមោទនភាពមួយសម្រាប់វិស័យសិល្បៈចម្រៀងក្នុងប្រទេសកម្ពុជា។

ភាពរីកចម្រើននឹងភាពលេចធ្លោនៅប៉ុន្មានខែចុងក្រោយនេះ ធ្វើឲ្យវិស័យសិល្បៈផ្លាស់ប្ដូរយ៉ាងគំហុក ដែលធ្វើឲ្យប្រាក់ចំណូលរបស់អ្នកនិពន្ធបទភ្លេង, អ្នកនិពន្ធទំនុកច្រៀង និងអ្នកចម្រៀងរកចំណូលបានខ្ពស់ មិនធ្លាប់ទទួលបានពីមុនមក។

គួរជម្រាបថា តារាចម្រៀងស្រីកញ្ញា តន់ ច័ន្ទសីម៉ា មួយរយៈចុងក្រោយនេះ ត្រូវបានមហាជនសង្កេតឃើញថា ទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសរាល់គ្រប់បទចម្រៀងរបស់នាងដែលចេញមក ក្រោមផលតិផល Galaxy Navatra គឺសុទ្ធតែពេញនិយមខ្លាំងពីមហាជន។ ទោះជាតារាចម្រៀងវ័យក្មេងទើបចូលប្រឡូកក្នុងពិភពចម្រៀងពិតមែន ប៉ុន្តែសន្ទុះនៃការបង្កើនប្រិយភាពរបស់ តន់ ច័ន្ទសីម៉ា គឺមិនធម្មតាឡើយ៕

