សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម របស់ឧកញ៉ា ហេង ឡុង សហការជាមួយក្រុមហ៊ុនធំៗ៤ រៀបចំពិធីពិសារអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីរៀមច្បង នៅភោជនីយដ្ឋានឡាក់គីប្រាយ កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ស.ស.យ.ក. ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី ចំនួន ៥០០នាក់ ។

ឧកញ៉ា ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម បានលើកឡើងថា កម្មវិធីនេះរៀបចំឡេីងក្នុងគោលបំណង ដើម្បីជាការលើកទឹកចិត្ត និងបង្កើនភាពស្និទស្នាលដល់សិល្បកររៀមច្បងចាស់ជរា ដែលបានបាត់បង់សមត្ថភាពសិល្បៈទាំងស្រុងទៅហេីយ ក៏ដូចជាសិល្បករ-សិល្បការិនីដែលបានធ្លាប់បានចូលរួមសកម្មភាពជាមួយសមាគមនាពេលកន្លងមកប៉ុណ្ណោះ។

អញ្ជើញថ្លែងសន្ទរកថា ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលបានផ្តួចផ្តើមគំនិតរៀបចំកម្មវិធីនេះឡើងហើយបានអញ្ជើញ សិល្បករ សិល្បការិនីរៀមច្បងមកចូលរួមអាហារសាមគ្គីដ៏មានអត្ថន័យនេះ។ ជាមួយគ្នានេះ ឯកឧត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់របស់លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនីខ្មែរគ្រប់រូប គ្រប់ជំនាន់ និងគ្រប់ទម្រង់នៃសិល្បៈខ្មែរទាំងអស់ ដែលតែងតែលើកស្ទួយសិល្បៈ និងវប្បធម៌ខ្មែរ។
ឯកឧត្តមបានលើកឡើងថា ការចូលរួមចំណែករបស់លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនីខ្មែរគ្រប់រូបនាពិតជាបានចូលរួមចំណែកយ៉ាងធំធេងសម្រាប់សង្គមជាតិ ក្នុងការការពារ ថែរក្សា ស្តារ និងកសាងឡើងវិញ នូវសិល្បៈខ្មែរ ដែលត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុងក្នុងរបបខ្មែរក្រហម ឲ្យក្លាយទៅជាវិស័យដ៏ពេញនិយមរបស់ប្រជាជនកម្ពុជាឡើងវិញ ក្នុងដំណាក់កាលសុខសន្តិភាព នាពេលបច្ចុប្បន្ន។

ឯកឧត្តមបានគូសបញ្ជាក់ថា លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនីទាំងអស់ មិនត្រឹមតែជា អ្នកបង្ហាត់បង្ហាញ និងជាអ្នកសម្ដែងជូនទស្សនិកជនទស្សនាប៉ុណ្ណោះទេ ប៉ុន្តែ គឺជាអ្នករក្សា ព្រលឹងរបស់ជាតិខ្មែរ ឲ្យនៅឋិតថេរជាមួយប្រជាជនខ្មែរគ្រប់រូប គ្រប់ស្រទាប់ទាំងក្នុង និងក្រៅប្រទេសផងដែរ។
សូមជម្រាបជូនថា ក្រុមហ៊ុនធំៗ ៤ដែលបានចូលរួមសហការជាមួយសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម មានដូចជា ក្រុមហ៊ុន ជីបម៉ុង គ្រុប របស់អ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រុមហ៊ុន ស្រាបៀរ ហនុមាន របស់លោកស្រី ខៀវ សស៊ីលៀប និងក្រុមហ៊ុន ស្រាវិស្គី Royal Salute ៕















